ប្រធានាធិបតី ត្រាំ ប្រកាសអំពីច្រកសមុទ្ទហ័រមូស នឹងក្លាយជាទឹកដីរបស់អាម៉េរិកឆាប់ៗ
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្ទហ័រមូស (Hormuz) នឹងក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាម៉េរិក ក្រោយពេលកម្ចាត់អ៊ីរ៉ង់។ ជាមួយគ្នា ម្ចាស់សេតវិមានរូបនេះ ក៏បានប្រាប់ដល់ពលរដ្ឋអាម៉េរិកាំង ឱ្យទទួលយកតម្លៃប្រេងហ្កាសឡើងខ្ពស់ជាងមុន ដោយសារតម្លៃនេះ បានហក់ឡើងខ្ពស់ ចាប់តាំងពីអ៊ីរ៉ង់ បានបិទច្រកសមុទ្ទហ័រមូស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។ នេះបើតាមបណ្ដាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយនៅថ្ងៃទី១៥ ខែសីហា។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា នាពេលឆាប់ៗនេះ ច្រកសមុទ្រហ័រមូស នឹងក្លាយជាដែនដីមួយរបស់សហរដ្ឋអាម៉េរិក នៅពេលណាយកឈ្នះលើអ៊ីរ៉ង់ ហើយឥឡូវនេះ អ៊ីរ៉ង់កំពុងតែរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ការធ្វើអត្ថាធិប្បាយរបស់ម្ចាស់សេតវិមានរូបនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ នៅឯបណ្ឌិត្យសភាប៉ូលិសមួយកន្លែង ស្ថិតក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ដោយលោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា៖«វាជារឿងពិត»

ទោះជាយ៉ាងណាក៏ដោយ គេមិននៅទាន់ដឹងច្បាស់ ថាតើការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ គឺជាការនិយាយដោយការយកចិត្តទុកដាក់ពិតប្រាកដ ឬជាសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់រដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងសង្គ្រាមប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់ ដែលបានអូសបន្លាយអស់រយៈពេលជាង៥ខែកន្លងមកនេះ ឬយ៉ាងណានោះទេ។ 

លោក កាហ្សេម ហ្ការីបាបាឌី (Kazem Gharibabadi) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោល ចំពោះការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ថា៖«អ៊ីរ៉ង់ នឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងបែបនេះឡើយ»។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ថែមទាំងអះអាងថា ផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ នឹងនៅតែស្ថិតក្រោមការគ្រប់គ្រង និងអំណាចរបស់រដ្ឋធានីតេហេរ៉ង់ដដែល។

ជាមួយនឹងមហិច្ឆតារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការប៉ុនប៉ងគ្រប់គ្រងផ្លូវទឹកដ៏សំខាន់ សម្រាប់នាំប្រេង និងឧស្ម័នធម្មជាតិ២០ភាគរយរបស់ពិភពលោកនោះ តើស្ថានភាពនៅច្រកសមុទ្រហ័រមូស នឹងទៅជាយ៉ាងណា?

សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦មក។ នៅពេលនោះ មន្ត្រីជាន់ខ្ពស់នៃសេតវិមាន រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ បានលើកឡើងថា គោលបំណងរបស់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជំរុញឱ្យមានការបះបោរពីសំណាក់ប្រជាជនអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ជាការឆ្លើយតបរបស់អ៊ីរ៉ង់ គឺការវាយប្រហារទៅលើសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយប្រើប្រាស់ដ្រូន និងមីស៊ីល ព្រមទាំងការដាក់បម្រាមបិទផ្លូវទឹក នៅច្រកសមុទ្រហ័រមូស ដែលជាច្រកដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក ក្នុងបរិមាណមួយភាគប្រាំ នៅមុនពេលសង្គ្រាមផ្ទុះឡើង។

ស្របគ្នានេះដែរ សហរដ្ឋអាម៉េរិក ក៏បានឆ្លើយតបទៅនឹងការបិទច្រកសមុទ្ទរបស់អ៊ីរ៉ង់ ដោយការដាក់បម្រាមផ្លូវសមុទ្រ ប្រឆាំងនឹងនាវា និងកំពង់ផែរបស់អ៊ីរ៉ង់វិញ។ ប្រទេសទាំងពីរ បានជាប់គាំង នៅក្នុងស្ថានភាពដ៏តានតឹង ជុំវិញផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះ អស់រយៈពេលជាច្រើនខែ ដែលបណ្តាលឱ្យតម្លៃថាមពល កើនឡើងយ៉ាងខ្លាំង។ ការកើនឡើងតម្លៃប្រេង និងឧស្ម័ន ព្រមទាំងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាម ទំនងជានឹងក្លាយជាបញ្ហាដ៏សំខាន់ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក នៅខែវិច្ឆិកា ខាងមុខនេះ។

ក្នុងអំឡុងកិច្ចប្រជុំនៅឯបណ្ឌិត្យសភាប៉ូលិស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានជំរុញឱ្យប្រជាជនអាម៉េរិក ទទួលយកការពិត នៅត្រង់ថា ពួកគេនឹងត្រូវចំណាយប្រាក់បន្តិចបន្តួចបន្ថែមទៀត សម្រាប់ប្រេងឥន្ធនៈ។ នេះជាតម្លៃដ៏សមរម្យមួយ ដើម្បីទប់ស្កាត់កុំឱ្យប្រទេសអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «អ្វីដែលយើងកំពុងតែធ្វើ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត សម្រាប់ពិភពលោក ហើយវាមិនមែនគ្រាន់តែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ... យើងពិតជាកំពុងតែបំពេញការងារយ៉ាងល្អប្រសើរ។ ឥឡូវក៏គ្មាននាវាណាមួយ អាចឆ្លងកាត់បានឡើយ លុះត្រាតែយើងអនុញ្ញាតទើបពួកគេអាចឆ្លងកាត់បាន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត