ទីបំផុត..! នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ករណីប្រើហិង្សាលើសិស្សម្នាក់ក្នុងផ្ទះសំណាក់
យ
យិត​​ ស្រីល័ក្ខ
•
26 កញ្ញា 2023 07:00 PM

រាជធានីភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា បណ្តាលឱ្យសិស្សម្នាក់រងរបួសក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ…។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលកាលពីថ្ងៃទី២៤កញ្ញា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ មានឈ្មោះ គ្រុយ ស្រីលាភ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនា (ព្រួតគ្នាយកដៃ និងជើង វាយ ទាត់ធាក់លើជនរងគ្រោះឈ្មោះ យ៉េន សុនីតា បណ្តាលឱ្យមានស្លាកស្នាមរងរបួសជាំភ្នែកស្តាំ, ជាំត្រចៀកឆ្វេង និងចុកពោះខាងផ្នែកឆ្វេង)។ សមត្ថកិច្ចបន្តថា​​ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍សមត្ថកិច្ច កាលថ្ងៃទី៥កញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា រួមជាមួយជនសង្ស័យមួយក្រុមមានគ្នា៦នាក់ផ្សេងទៀត បាននាំគ្នាទៅជួលផ្ទះសំណាក់កន្លែងស្នាក់នៅ២បន្ទប់រួមគ្នា រហូតដល់ថ្ងៃទី១២កញ្ញា វេលាម៉ោងប្រហែល០១:០០នាទី ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន២បន្ថែមទៀតដើម្បីស្នាក់នៅ។ លុះក្រោយមកនារីជាជនរងគ្រោះ បានចុះទៅទិញស្រាបៀចំនួន៦កំប៉ុងមកផឹកស៊ីជុំគ្នាហើយនិយាយថា ស្រីលីបានលួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ។ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនដោយជនរងគ្រោះទៅដេកនៅបន្ទប់ ជាមួយឈ្មោះស្រីយូ។

រហូតដល់វេលាម៉ោង០៦:០០នាទី ស្រីលី, ស្រីរ៉ា បានទៅហៅ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់ផ្សេងទៅបន្ទប់ជនរងគ្រោះរួចហើយ​ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាគេលួចស្បែកជើង។ ជនរងគ្រោះនៅតែនិយាយថា ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះ អ្នកទាំងបីក៏បានស្ទុះចូលទៅ វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ចំណែកស្រីយូ បានយកទូរសព្ទមកថតពីសកម្មភាពដែលព្រួតគ្នាវាយទៅលើជនរងគ្រោះ។ បន្ទាប់ពីធ្វើសកម្មភាព រួចហើយពួកគេក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត