ក្រោយមានការរិះគន់ពីមហាជនពេលនេះសមត្ថកិច្ចឃាត់ខ្លួនបុរស០២នាក់ដែលប្រើហិ.ង្សា.លើកុមារនៅមុខអង្គរ
យ
យិត​​ ស្រីល័ក្ខ
•
13 មករា 2024 11:30 AM

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​​ បានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន០២នាក់​​ដែលបានប្រើប្រាស់ហិង្សាវាយទៅលើក្មេងដើរលក់កូនសត្វអណ្ដើកចល័តម្នាក់ នៅបរិវេណកសិន្នអង្គរវត្ត។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ឱ្យដឹង​នៅព្រឹកថ្ងៃទី១៣​​ ខែមករា ឆ្នាំ២០២៤ នេះថា ​ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាបណ្តោះអាសន្ន​ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់បែបនេះ​ដោយមិនបានលម្អិតទេថា នឹងអនុវត្តបែបណាចំពោះជនទាំងពីរខាងលើ ក្រៅតែពីបញ្ជាក់ថាអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា ​ កាលពីថ្មីៗនេះមានវីដេអូចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពការប្រើប្រាស់ហិង្សាវាយទៅលើក្មេងដើរលក់កូនសត្វអណ្ដើកចល័តម្នាក់ ដោយកម្លាំងសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា នៅបរិវេណកសិន្នអង្គរវត្ត ក្រោយមកអាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បុគ្គលរូបនោះតម្រូវឱ្យសុំទោសកុមារ អាណាព្យាបាលកុមារ និងត្រូវដាក់ពិន័យរដ្ឋបាលផងដែរ ប៉ុន្តែមហាជនមិនពេញចិត្តឡើយ ដោយទាមទារឱ្យអនុវត្តច្បាប់ចំពោះជនដែលបង្កហិង្សាខាងលើ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត