លួចឆក់ត្រីមុខផ្ទះគេ ពេលតាមទាន់ព្រួតគ្នាកា.ប់ម្ចាស់ផ្ទះរ.បួ.សជិត១០ថ្នេរ
យ
យិត​​ ស្រីល័ក្ខ
•
25 ឧសភា 2024 03:00 PM

ខេត្តបាត់ដំបង៖​​ នៅចំណុចក្រុមទី៧ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាមួយកើតទ្បើងដោយផ្តើមពីបុរសបីនាក់បានលួចឆក់ត្រីនៅមុខផ្ទះរបស់គេ រហូតម្ចាស់តាមទាន់ស្ដីបន្ទាស កើតមានចិត្តខឹងបបួលគ្នីគ្នាព្រួតវាយនិងកាប់លើបុរសម្ចាស់ផ្ទះ ធ្វើរបួសក្បាលដេរ០៩ថ្នេរ។​​ នេះបើយោងតាមការឱ្យដឹងពី​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គូសបញ្ជាក់បន្ថែមថា​ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទីមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់គឺ៖រួមមានទី១-ឈ្មោះ វ៉ាន់ វណ្ណា ហៅធឿក៣០ឆ្នាំ (ប្រដាប់ដោយដំបងឫស្សីជាជនដៃដល់)។ ទី២-ឈ្មោះ វ៉ាន់ តុលា ហៅបឺក អាយុ ២៧ឆ្នាំ(ប្រដាប់ដោយកាំបិតច្នៃជាបក្ខពួក)។ ទី៣-ឈ្មោះ ឡុង ង៉ា  អាយុ២០ឆ្នាំ (ប្រដាប់ដោយកាំបិតច្នៃជាបក្ខពួក) ។​​ អ្នកទាំងបីនាក់រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី បានទៅរករឿងជនរងគ្រោះឈ្មោះ ប៊ិន ហុង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅចំណុចកើតហេតុ ដោយខឹងជនរងគ្រោះស្ដីឱ្យរឿងឆក់ត្រីនៅចំណុចមុខផ្ទះជន​រងគ្រោះក្នុងពេលនោះក្រុមជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វណ្ណា បានយកដំបងឫស្សីវាយទៅលើជន​រ​ងគ្រោះជាច្រើនដំបងបណ្ដាលឱ្យរងរបួសក្បាល០១កន្លែងដេរ០៩ថ្នេរហើមដៃទាំងសងខាង។

សមត្ថកិច្ចបន្ថែមថា​ បន្ទាប់មកបក្ខពួកជនសង្ស័យ០២នាក់ទៀតដែល​ប្រដាប់ដោយកាំបិតគ្រប់ដៃបម្រុងធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបន្ថែម តែត្រូវបានគ្រួសារជនរងគ្រោះចេញមកស្រែឱ្យគេជួយទើបក្រុមជន​សង្ស័យគេចខ្លួនអស់តែម្ដង។​​ ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​​ហើយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោ​កវរសេនីយ៍ឯក​ ស​គឹម​ឡុង ​ អធិការ​នគរបាលស្រុកមោងឫស្សី​បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រៃតូចនៃអធិការ​ដ្ឋាននគរបាលស្រុកស្រាវជ្រាវឃាត់ខ្លួនជន​សង្ស័យចំនួន០៣នាក់ខាងលើ​ និងដកហូតសម្ភារល្មើសច្បាប់មួយចំនួននាំមកកាន់អធិការដ្ឋាននគរ​បា​លស្រុកមោងឫស្សីដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យសមនឹងទង្វើដែលបានប្រព្រឹត្ត៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត