
រាជធានីអាប៊ូឌាប៊ី (Abu Dhabi)៖ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើដំណើរយ៉ាងសម្ងាត់ ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ឬអារ៉ាប់អេមីរ៉េត កាលពីថ្ងៃអាទិត្យមុន ដើម្បីស្នើសុំឱ្យមេដឹកនាំរបស់ប្រទេសមួយនេះ បដិសេធនូវសេចក្តីរាយការណ៍មួយ ដែលបានលើកឡើងថា ព្រះអង្គម្ចាស់ធ្លាប់ព្រមានដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពីការគំរាមកំហែងរបស់ក្រុមហាម៉ាស់ (Hamas) នៅមុនពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានវាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរបស់អាម៉េរិក AP បានផ្សាយ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញាថា មន្រ្ដីពីរនាក់ដែលបានទទួលព័ត៌មាន អំពីដំណើរទស្សនកិច្ចយ៉ាងសម្ងាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបញ្ជាក់ កាលពីថ្ងៃចន្ទថា ជំនួបកំពូល រវាងលោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ (Netanyahu) និងព្រះអង្គម្ចាស់ សេក ម៉ូហាមេដ ប៊ីន ហ្សាយេ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) ប្រធានាធិបតីអារ៉ាប់អេមីរ៉េត ឬអារ៉ាប់រួម បានធ្វើឡើង កាលពីថ្ងៃអាទិត្យ។

ជាមួយគ្នានេះ លោកស្រី កាចា កាល់ឡាស (Kaja Kallas) អនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា សហភាពអឺរ៉ុប កំពុងតែស្នើសុំឋានៈជាអ្នកសង្កេតការណ៍ នៅក្នុងសម្ពន្ធភាពការពារដែនសមុទ្រ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលបានបង្កើតឡើង ដើម្បីការពារនូវការនាំចេញថាមពលរបស់ព្រះរាជាណាចក្រមួយនេះ។ បច្ចុប្បន្ន សហភាពអឺរ៉ុប មាននាវាចំនួន៦គ្រឿងរួចហើយ ដែលកំពុងតែដាក់ពង្រាយ នៅក្នុងសមុទ្រក្រហម ដើម្បីការពារដល់ដឹកជញ្ជូនតាមផ្លូវសមុទ្រ។

បើតាមមន្រ្ដី២រូបដែលគួរឲ្យទុកចិត្ត អំពីដំណើរទស្សនកិច្ចយ៉ាងសម្ងាត់របស់លោក ណេតាន់យ៉ាហ៊ូ ដែលបានរាយការណ៍ជាលើកដំបូង ដោយទូរទស្សន៍របស់អ៊ីស្រាអែល Channel 12 TV ថា នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានជួបរយៈពេលមួយម៉ោង ជាមួយប្រមុខរដ្ឋអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត កាលពីថ្ងៃអាទិត្យ។ ការចរចានេះបានផ្ដោតទៅលើសេចក្ដីរាយការណ៍មួយ ត្រូវបានបង្កើនឡើង ដោយសារព័ត៌មានរបស់អ៊ីស្រាអែល Daily Haaretz បានរាយការណ៍ កាលពីដើមខែកញ្ញាថា មេដឹកនាំអារ៉ាប់អេមីរ៉េត បានព្រមានដល់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ត្រឹមតែប៉ុន្មានថ្ងៃ នៅមុនការវាយប្រហារ ដោយក្រុមប្រដាប់អាវុធហាម៉ាស់ (Hamas) ទៅលើតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សជាង១១៩៥នាក់ និងជាង២៥១ផ្សេងទៀតបានត្រូវចាប់ជាចំណាប់ខ្មាំង។
សង្គ្រាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ នៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង៧៣ ០០០នាក់ និងជាង១៥០ ០០០នាក់ផ្សេងទៀត រងរបួស ហើយលំនៅឋានប្រហែល៩០ភាគរយ បានត្រូវអ៊ីស្រាអែលវាយប្រហារបំផ្លិចបំផ្លាញ។

បើតាមប្រភពដដែលនោះ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានស្នើឲ្យព្រះអង្គម្ចាស់ Sheikh Mohamed បដិសេធរបាយការណ៍ខាងលើ។ កាលពីដំបូងឡើយ ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានបដិសេធរបាយការណ៍របស់កាសែត Haaretz រួចមកហើយ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញមានការអត្ថាធិប្បាយភ្លាមៗណាមួយ ពីការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ នៅឡើយ។៕


