ក្រោយក្រុមបំបែករដ្ឋប្តេជ្ញាប្រយុទ្ធដើម្បីឯករាជ្យភាព! កងតម្រួតថៃម្នាក់ត្រូវបានបា.ញ់.ស.ម្លា.ប់ស្រស់ៗ កំលុងពេលចុះល្បាតនៅខេត្តនរាធិវាស
ហៀប ស៊ីថេត
•
18 ម៉ោងមុន

រាជធានីបាងកក៖ តម្រួតថៃស្ម័គ្រចិត្តម្នាក់ បានរងរបួសពីការបាញ់ប្រហារ កំលុងពេលចុះល្បាតនៅក្នុងស្រុករៈង៉ែ (ระแงะ) ក្នុងខេត្តនរាធិវាស ឬណារ៉ាធីវ៉ាត ក្រោយមករូបគេ ក៏បានដាច់ខ្យល់ស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ នេះបើតាមការចុះផ្សាយដោយកាសែតថៃខាវសត នៅថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦...។

ការបាញ់ប្រហារស្រស់ៗនេះ កើតឡើងក្រោយក្រុមផ្តាច់ខ្លួនដ៏ធំជាងគេបំផុតនៅខេត្តភាគខាងត្បូង ប្តេជ្ញាប្រយុទ្ធដល់ដង្ហើមចុងក្រោយ ដើម្បីសម្រេចនូវឯករាជភាព។   កងតម្រួតថៃ បានរងការបាញ់ប្រហារពីសំណាក់ក្រុមខ្មាន់កាំភ្លើងមិនស្គាល់មុខ អំឡុងពេលចុះល្បាត និងប្រមូលព័ត៌មាននៅភូមិគូជីងលូប៉ា (บ้านคูจิงลุภา) ឃុំឈ្លើម (เฉลิม) ក្នុងស្រុករៈង៉ែ នៃខេត្តនរាធិវាស។ អាជ្ញាធរថៃ កំពុងបើកការស៊ើបអង្កេតលើអង្គហេតុ ដែលកើតឡើងជុំវិញហេតុការណ៍ខាងលើ ខណៈមន្ត្រីសមត្ថកិច្ចកំពុងធ្វើការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបន្ថែម និងប្រមូលទិន្នន័យជុំវិញហេតុការណ៍បាញ់ប្រហារនេះ។

សូមជម្រាបថា ហេតុការណ៍បាញ់ប្រហារខាងលើ កើតឡើងបន្ទាប់ពីមេដឹកនាំក្រុមផ្តាច់ខ្លួននៃអតីតអាណាចក្រស៊ុលតង់ប៉ាតានី ជនជាតិម៉ាឡេ-មូស្លីម ដ៏ធំជាងគេបំផុតនៅខេត្តភាគខាងត្បូង បានប្រកាសប្តេជ្ញាចិត្ត នឹងបន្តប្រយុទ្ធតស៊ូរហូតដល់ដង្ហើមចុងក្រោយ ដើម្បីសម្រេចបានគោលដៅឯករាជ្យភាពរបស់ខ្លួន។ គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងនៃប្រទេសថៃ កាលពីមុនជាដែនដីមួយចំណិតនៃអាណាចក្រស៊ុលតង់ប៉ាតានី ម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានប្រទេសថៃ (កាលនោះនៅមានឈ្មោះជាសៀម) វាយដណ្តើមកាន់កាប់យក និងដាក់បញ្ចូលជាទឹកដីរបស់ខ្លួន នៅដើមទសវត្សរ៍ឆ្នាំ១៩០០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត