កងទ័ពកម្ពុជា-ថៃ ជួបពិភាក្សាគ្នាពីការអនុវត្តកិច្ចព្រមព្រៀងព្រំដែន
អ
អុន សម្ផស្ស
•
13 ម៉ោងមុន

ខេត្តឧត្តរមានជ័យ៖ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយខាងកម្ពុជា គឺយោធភូមិទី៤ និងខាងថៃ គឺយោធភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង និងការសម្របសម្រួលការងារតាមព្រំដែន…។

អ្នកនាំពាក្រក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមការអញ្ជើញរបស់យោធភូមិទី៤របស់កម្ពុជា។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ជាប្រធានលេខាធិការ RBC ខណៈគណៈប្រតិភូថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ជាប្រធានលេខាធិការ RBC ដូចគ្នា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំរបស់ភាគីទាំងពីរផងដែរ។

ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់អំពីការសម្រេចបានកិច្ចព្រមព្រៀងថ្មីជាក់លាក់ណាមួយនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះទេ ប៉ុន្តែផ្តោតលើការបន្តអនុវត្តសេចក្តីប្រកាសរួមដែលមានស្រាប់ និងការសម្របសម្រួលការងាររវាងកងកម្លាំងនៃប្រទេសទាំងពីរ។

កម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត