សូមប្រុងប្រយ័ត្ន ព្រោះខ្លាចនៅមានផ្សេងទៀត! ក្រពើធំ២ក្បាលរួចចេញពីថៃ ចូលមកដល់ក្រុងប៉ោយប៉ែត្រ, ចាប់បាន១ក្បាល ងាប់១ក្បាល
ហាក់ អ៊ីឌី
•
15 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ សត្វក្រពើ២ក្បាល ដែលបានរួចចេញពីកសិដ្ឋាន ឬហូរធ្លាក់តាមជំនន់ទឹកភ្លៀងមកពីប្រទេសថៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុកនៅក្នុងមូលដ្ឋាន។ ១ក្បាល ត្រូវពលរដ្ឋចាប់បាន និង១ក្បាលទៀត បានងាប់អណ្តែតលើទឹក។   

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកស្រុកចាប់បានសត្វក្រពើដ៏ធំមួយក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ដំណឹងនេះ ត្រូវបានចែកចាយលើបណ្ដាញសង្គម ធ្វើឱ្យអ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព រហូតរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន។ ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរដែនដី បានចុះទៅដល់ទីតាំងកើតហេតុ ហើយចាប់សត្វក្រពើមួយក្បាលនោះបានសម្រេច ដោយមិនទាន់មានសេចក្តីរាយការណ៍ពីការបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ រីឯ ក្រពើមួយក្បាលទៀត ត្រូវបានគេប្រទះឃើញងាប់នៅក្នុងទឹកអូរតាមព្រំដែនបាត់។  

ក្រោយការស្រាវជ្រាវ លោក ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ប្រាប់ក្រុមអ្នកកាសែតក្នុងតេឡេក្រាមថា ក្រពើដែលពលរដ្ឋចាប់បានខាងលើ គឺមកពីប្រទេសថៃ។ លោក អះអាងដូច្នេះថា«ក្រពើរួចមកពីថៃ ពួកខ្ញុំចាប់បានអស់ហើយ»។ ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញរឿងក្រពើនេះ លោក ថែមទាំងរៀបចំធ្វើសន្និសីទសារព័ត៌មានផងដែរ។ គេមិនទាន់ច្បាស់នោះទេថា ក្រពើដែលរួចមកពីថៃ មានត្រឹមតែ២ក្បាលនេះ ក៏អាចមានថែមទៀត។

បច្ចុប្បន្ន នៅថៃ ពិសេសរាជធានីបាងកក កំពុងជន់លិចខ្លាំងដោយទឹកជំនន់ ដោយកន្លែងខ្លះ ទឹកលិចមានកម្ពស់ដល់ទៅ១ម៉ែត្រកន្លះឯណោះ។ សារព័ត៌មានថៃផ្សាយព្រោងព្រាតថា អំឡុងពេលទឹកជំនន់ឡើងខ្លាំង មានក្រពើធំៗ៤-៥ក្បាល បានរួចចេញពីកសិដ្ឋានក្នុងខេត្តស្រះកែវ ដែលនៅជាប់ព្រំដែនជាមួយកម្ពុជា។ អាជ្ញាធរកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់តាមព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញសត្វសាហាវណាមួយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត