អ្នកបន្ទាយមានជ័យជាង៣៥០០គ្រួសារ រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់
S
Sreyleak Yith
•
មួយថ្ងៃមុន

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានបង្កឱ្យប្រជាពលរដ្ឋជាង៣៥០០គ្រួសារ ដែលរស់នៅក្នុងស្រុក-ក្រុងចំនួន៦ នៅខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

តាមរយៈរបាយការណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ត្រូវបានអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាព។ ចំពោះផលប៉ះពាល់ដំណាំកសិកម្មមានដូចជា ស្រូវ ដំឡូងមី៦៥ហិកតា, ដំណាំរួមផ្សំ២ហិកតា, ស្រូវស្រាលមិនទាន់ប្រមូលផល ស្រូវទើបបង្កបង្កើនផលចំនួន៤១៦ហិកតា, និងសត្វពាហនៈ៦០ក្បាល។ លើសពីនេះ សាលារៀលបានលិច១៥កន្លែង វត្ត៨កន្លែង មណ្ឌលសុខភាព៣កន្លែង និងផ្លូវដែលទឹកហូរកាត់ត្រូវដាច់ចំនួន២៥៧ខ្សែ។ នៅថ្ងៃទី២៨កញ្ញា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះពិនិត្យស្ថានភាពទឹកជន់លិច នៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សម្តេចធិបតី បានកោតសរសើរអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។ ហើយសម្តេច ក៏អរគុណដល់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាលំបាកក្នុងពេលទឹកជំនន់នេះ៕

គួរជ្រាបថា កាលពីថ្មីៗ ក្រសួងធនធានទឹកព្យាករឃើញថា កម្ពុជាទទួលរងឥទ្ធិពលព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ» (Surigae) T2626 ដែលបានវិវត្តចេញពីសម្ពាធទាប នៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់បោកលើតំបន់ជាច្រើនបង្កឱ្យមានភ្លៀងធ្លាក់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត