មេទ័ពជើងទឹកអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ពិភាក្សាពីការការពារតៃវ៉ាន់ទប់ការសង្គ្រប់របស់ចិន
S
Sinuon Nop
•
10 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ថ្វីដ្បិតកាលពីពេលថ្មីៗ មេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក បានជួប និងអង្គុយចរចាគ្នាដោយផ្ទាល់ ជាមួយនឹងការរម្លឹកឡើងវិញ អំពីសម្ព័ន្ធមិត្តរវាងចិន-សហរដ្ឋអាម៉េរិក ធ្លាប់កៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដ៏ខ្លាំងក្លារបស់អធិរាជជប៉ុនយ៉ាងណាក្ដី ប៉ុន្ដែមេទ័ពជើងទឹកសហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់មហាសមុទ្ទប៉ាស៊ីហ្វិក បាននិងកំពុងពិភាក្សា អំពីការការពារកោះតៃវ៉ាន់ ទប់ទល់ពីការខាំសង្គ្រប់របស់កងទ័ពរំដោះប្រជាជនចិន...។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅរសៀលថ្ងៃចន្ទទី២៨ ខែកញ្ញានេះថា លោកឧត្តមនាវីឯក សាមូអែល ផាផារ៉ូ (Samuel Paparo) មេបញ្ជាការ នៃទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានទស្សនាវដ្ដីអាម៉េរិក Time ដកស្រង់សម្ដីយកមកចុះផ្សាយ ដោយបានពិភាក្សាអំពីវិធីទប់ស្កាត់ការខាំសង្គ្រប់របស់យោធាចិន ដែលអាចនឹងកើតឡើងមកលើកោះតៃវ៉ាន់។មេទ័ពជើងទឹកអាម៉េរិករូបនេះ បានប្រាប់ទស្សនាវដ្ដី Time ដោយលើកឡើងអំពីយុទ្ធសាស្ត្រយោធាចិនបុរាណ និងជាអ្នកនិពន្ធសៀវភៅ «The Art of War» (សិល្បៈនៃសង្គ្រាម) គឺលោក ស៊ុន ជូ (Sun Tzu) ថា៖«ខ្ញុំស្ទើរតែដកស្រង់សម្តីរបស់ Sun Tzu មកនិយាយថា ការទទួលបានជ័យជម្នះដោយមិនចាំបាច់ប្រយុទ្ធ គឺជាកម្រិតខ្ពស់បំផុត នៃជំនាញនេះ។ សម្រាប់ខ្ញុំវិញ យល់ឃើញថា ជោគជ័យសម្រាប់បេសកកម្ម មិនមែនជាការប្រយុទ្ធ និងឈ្នះសង្គ្រាមនោះទេ ប៉ុន្តែវាជាការបង្កើតសមត្ថភាពទប់ស្កាត់ ដើម្បីកុំឱ្យយើងឈានទៅរកសង្គ្រាម ចាប់តាំងពីដំណាក់ដំបូងទីមកម៉្លេះ»។

លោកឧត្តមនាវីឯក សាមូអែល ផាផារ៉ូ
លោកឧត្តមនាវីឯក សាមូអែល ផាផារ៉ូ

លោកឧត្តមនាវីឯក ផាផារ៉ូ បានប្រាប់ទស្សនាវដ្ដី Time ថា កាលពី២៥ឆ្នាំមុន កងទ័ពជើងទឹករំដោះប្រជាជនចិន (PLA Navy) មាននាវាចម្បាំងត្រឹមតែប្រហែល៣៧គ្រឿង ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃ ចំនួននាវារបស់ពួកគេបានកើនឡើងរហូតដល់១២ដង ហើយបើគិតត្រឹមតែរយៈពេល១៨ខែចុងក្រោយនេះ កងទ័ពជើងទឹកចិន មាននាវាចម្បាំងធុនធ្ងន់ (cruisers) ចំនួន២គ្រឿង នាវាពិឃាដ (destroyers) ចំនួន៨គ្រឿង នាវាចម្បាំងធុនមធ្យម (frigates) ចំនួន៨គ្រឿង នាវាផ្ទុកយន្តហោះចម្បាំងចំនួន១គ្រឿង នាវាមុជទឹកចំនួន១១គ្រឿង នាវាដឹកជញ្ជូនសម្រាប់ប្រតិបត្តិការលើគោក និងក្នុងទឹក (amphibious ships) ចំនួន៤គ្រឿង និងនាវាដឹកជញ្ជូនសម្ភារយោធាសម្រាប់ប្រតិបត្តិការចម្ងាយឆ្ងាយចំនួន៤គ្រឿង។ លោកឧត្តមនាវីឯក ផាផារ៉ូ បន្ថែមថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវឌ្ឍនភាពរបស់ប្រទេសចិន នៅក្នុងវិស័យអវកាស និងសមត្ថភាពមីស៊ីល ក៏ដូចជាការកើនឡើងយ៉ាងឆាប់រហ័សនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់រដ្ឋធានីប៉េកាំង។

បច្ចុប្បន្ន មហាយក្សចិន កំពុងធ្វើដំណើរឆ្ពោះទៅរកសមត្ថភាពប្រតិបត្តិការនៅទូទាំងពិភពលោក។ លោកឧត្ដមនាវីឯ ផាផារ៉ូ បានសង្កត់ធ្ងន់ថា៖«យើងមិនមានគោលបំណងផ្តួលរំលំគណបក្សកុម្មុយនីស្ដចិនទេ។ ប៉ុន្តែអ្នកគួរតែជ្រាបថា នៅទីកន្លែងណាមួយដែលមានផលប្រយោជន៍សំខាន់ៗដោយផ្ទាល់ ជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិក គឺមានលទ្ធភាពខ្ពស់ ដែលយើងនឹងត្រូវតែរារាំង ឬបញ្ឈប់ការឈ្លានពានរបស់អ្នក»។ ទីបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់លោកឧត្ដមនាវីឯក រូបនេះ ទទួលបន្ទុកដឹកនាំបុគ្គលិកយោធា និងស៊ីវិលប្រហែល៤០ម៉ឺននាក់ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កងនាវាចរសហរដ្ឋអាម៉េរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក (US Pacific Fleet) មាននាវាប្រហែល២០០គ្រឿង រួមទាំងកងនាវាផ្ទុកយន្តហោះចម្បាំងវាយប្រហារ (carrier strike groups) ចំនួន៥ និងយន្តហោះជិត១១០០ គ្រឿង។ បេសកកម្មចម្បងរបស់លោកឧត្ដមនាវីឯក ផាផារ៉ូ គឺការទប់ស្កាត់នូវការឈ្លានពាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយការការពារកុំឱ្យមានជម្លោះ ជុំវិញបញ្ហាកោះតៃវ៉ាន់ ព្រោះវាជាកង្វល់ដ៏ធំបំផុត។

តួនាទីស្នូលរបស់លោកឧត្ដមនាវី គឺការបញ្ចុះបញ្ចូលដល់មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) យល់ថា តម្លៃដែលត្រូវបង់សម្រាប់ការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងតៃវ៉ាន់ នឹងមានកម្រិតខ្ពស់ហួសហេតុ ហើយវាជាការខាតបង់ដ៏ធំធេងបំផុត នៅក្នុងជម្លោះនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត