
រដ្ឋធានីណៃពិដោ៖ របាយការណ៍បមឋបង្ហាញថា មនុស្ស៨នាក់បាត់បង់ជីវិត និងប្រមាណ២០ទៅ៣០នាក់ទៀត កំពុងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងការបាក់ដីនៅតំបន់តានីនថាយី (Tanintharyi Region) ភាគខាងត្បូងប្រទេសភូមា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកជួយសង្គ្រោះម្នាក់ឈ្មោះ ហេន ថេត (Hein Htet) មកពីក្រុមជួយសង្គ្រោះស្ម័គ្រចិត្ត People’s Administration Team បានប្រាប់សារព័ត៌មាន AFP ថា ក្នុងចំណោមសាកសពជនរងគ្រោះទាំង៨នាក់ ដែលត្រូវបានរកឃើញ មានជនរងគ្រោះវ័យជំទង់៣នាក់។ អ្នកជួយសង្គ្រោះរូបនេះ និយាយថា ក្រុមជួយសង្គ្រោះរបស់ខ្លួន មិនត្រឹមតែប្រឈមនឹងទំហំទឹកជំនន់ដ៏ធំធេងនោះទេ តែក៏កំពុងខ្វះធនធានផងដែរ។ មកដល់ពេលនេះ អាជ្ញាធរភូមា មិនទាន់ប្រកាសជាផ្លូវការអំពីតួលេខអ្នកស្លាប់នៅឡើយទេ។ ប្រតិបត្តិការជួយសង្គ្រោះ ហាក់ដូចជាកាន់តែស្មុគស្មាញ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ហើយម្យ៉ាង តំបន់ជន់លិចមួយចំនួន ជាតំបន់មានជម្លោះប្រដាប់អាវុធ។ នៅភូមា ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី២៥ ខែកញ្ញាមក ហើយបង្កឱ្យមានទឹកជំនន់ និងបាក់ដីនៅតំបន់ជាច្រើន ពិសេសតំបន់តានីនថាយី៕






