
រដ្ឋធានីសេអ៊ូល៖ ស្របពេលប្រទេសកូរ៉េខាងជើង ចាប់ផ្ដើមបង្ហាញជាសាធារណៈនូវសមយុទ្ធវាយប្រហារចម្រុះ ដោយមានទាំងយន្តហោះគ្មានមនុស្សបើក មីស៊ីល និងកាំភ្លើងធំនោះមក ក្រុមអ្នកវិភាគ បានលើកឡើងថា យុទ្ធសាស្ត្របែបនេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់តុល្យភាពយោធានៅឧបទ្វីបកូរ៉េ ដោយសារតម្លៃដ្រូនថោក អាចបំផ្លាញនូវប្រព័ន្ធការពារដែនអាកាស និងអាចអនុញ្ញាតឱ្យមីស៊ីល វាយប្រហារទៅលើគោលដៅសំខាន់ៗ។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily ចេញផ្សាយនៅរសៀលថ្ងៃចន្ទទី២៨ ខែកញ្ញានេះ...។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា អង្គភាពកាំភ្លើងធំបាញ់ចម្ងាយឆ្ងាយ និងអង្គភាពមីស៊ីលរបស់កូរ៉េខាងជើង បានធ្វើសមយុទ្ធវាយប្រហាររួមគ្នា កាលពីថ្ងៃទី១២ ខែកញ្ញា។ សមយុទ្ធនោះ មានការដាក់ពង្រាយដ្រូន មីស៊ីលគ្រូស មីស៊ីលបាល្លិស្ទីក (Ballistic Missile) និងកាំភ្លើងធំដែលមានទំហំគ្រាប់ធំៗ សម្រាប់វាយប្រហារ។ គោលបំណងនៃសមយុទ្ធនេះ បានធ្វើឱ្យកងទ័ពរបស់ខ្លួនមានភាពស្ទាត់ជំនាញ នៅក្នុងការប្រតិបត្តិការប្រើប្រាស់អាវុធចម្រុះ និងបង្កើនសមត្ថភាពវាយប្រហារប្រមូលចម្រុះ។

សារព័ត៌មានសហរដ្ឋអាម៉េរិក The Wall Street Journal (WSJ) បានវិភាគថា កូរ៉េខាងជើង កំពុងអនុវត្តយុទ្ធសាស្ត្រវាយប្រហារជាហ្វូង ដែលតាក់ទិកបែបនេះ ធ្លាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា។ ស្របគ្នានេះដែរ លោកស្រី ឡាមី គីម (Lami Kim) អ្នកស្រាវជ្រាវជាន់ខ្ពស់ទទួលបន្ទុកកិច្ចការកូរ៉េ នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ(IISS)របស់អង់គ្លេស បានប្រាប់ WSJ ថា៖«សមត្ថភាពយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់កូរ៉េខាងជើង កំពុងកើនឡើង គួបផ្សំជាមួយសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់រដ្ឋធានីព្យុងយ៉ាងផងនោះ អាចនឹងផ្លាស់ប្ដូរតុល្យភាពយោធា នៅលើឧបទ្វីបកូរ៉េ»។

ចំណុចសំខាន់នៃការវាយប្រហារនេះ មិនមែនស្ថិតនៅលើកម្លាំងបំផ្លិចបំផ្លាញរបស់ដ្រូនតែមួយមុខនោះទេ ប៉ុន្តែវាស្ថិតនៅលើការបង្កើនចំនួនគោលដៅ ដែលភាគីសត្រូវគិតតែខិតខំប្រឹងប្រែងការពារទប់ទល់នឹងការវាយប្រហារ នៅក្នុងពេលតែមួយ។ នៅពេលហ្វូងដ្រូន និងមីស៊ីល ហោះចូលមកពីទិសដៅជាច្រើន ភាគីសត្រូវត្រូវសម្រេចចិត្តថា ត្រូវស្ទាក់ចាប់មួយណាមុនគេ។ ដូច្នេះ ការវាយប្រហារជាបន្តបន្ទាប់ ធ្វើឱ្យគ្រាប់មីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃ ឆាប់អស់។ ករណីនេះ គឺកូរ៉េខាងជើង អាចនឹងឆ្លៀតយកឱកាស ពីការខ្វះចន្លោះប្រហោងទាំងនេះ ដើម្បីបង្កើនអត្រាជោគជ័យ សម្រាប់ការវាយប្រហារដោយមីស៊ីល ទៅលើមូលដ្ឋានយោធា និងគោលដៅផ្សេងៗទៀត។ បច្ចុប្បន្ន កូរ៉េខាងជើង ក៏កំពុងតែប្រមូលបទពិសោធ ពីការសាកល្បងអាវុធ នៅក្នុងស្ថានភាពសង្គ្រាម។ មីស៊ីលបាល្លិស្ទីក រយៈចម្ងាយខ្លី ប្រភេទ KN-23 ផលិតដោយកូរ៉េខាងជើង បានត្រូវយកទៅប្រើប្រាស់នៅលើសមរភូមិរបស់ប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ី។

ស្ថាប័នព័ត៌មាន 38 North មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងក្រុមអ្នកជំនាញកិច្ចការកូរ៉េខាងជើង បានវាយតម្លៃនៅក្នុងការវិភាគមួយ កាលពីខែសីហាថា ប្រទេសកូរ៉េខាងជើង ទំនងជាបានប្រើប្រាស់លទ្ធផលពីការវាយប្រហារ នៅលើសមរភូមិរបស់ប្រទេសអ៊ុយក្រែន និងបទពិសោធនៃការធ្វើប្រតិបត្តិការឧបករណ៍បាញ់បង្ហោះចល័ត ដើម្បីកែលម្អសមត្ថភាពមីស៊ីលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យដែលមានជាសាធារណៈតែមួយមុខ មិនអាចបញ្ជាក់បានច្បាស់លាស់ថា មីស៊ីលមួយណា ត្រូវបានកែលម្អ ឬកែប្រែតាមរបៀបណានោះដែរ៕




