ទើបនឹងជួបគ្រោះថ្នាក់ថ្មីៗសោះ អ្នករៀបចំឡើងភ្នំ១ក្រុមត្រូវផ្ទាំងទឹកកកធំៗ រអិលបាក់សង្កត់ពីលើនៅនេប៉ាល់ ស្លា.ប់២នាក់ និងបាត់ខ្លួន១៤នាក់
Mao Sopha
•
14 ម៉ោងមុន

រដ្ឋធានីកដ្ឋមណ្ឌូ៖ មនុស្ស២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកធំៗរអិលបាក់សង្កត់លើជំរំអ្នកឡើងភ្នំ (base camp) នៅតំបន់ភ្នំ ហ៊ីមឡុង ហ៊ីម៉ាល់ (Himlung Himal) ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Independent នៅថ្ងៃទី២៨ ខែកញ្ញា...។

ជនរងគ្រោះភាគច្រើនជាជនជាតិនេប៉ាល់ ដែលត្រូវបានបញ្ជូនទៅកាន់ជើងភ្នំ ហ៊ីមឡុង ហ៊ីម៉ាល់ ជាមុន ដើម្បីរៀបចំជំរំ សម្អាតផ្លូវ និងដំឡើងខ្សែពួរ មុនពេលអ្នកឡើងភ្នំបរទេសទៅដល់។ នៅពេលផ្ទាំងទឹកកករអិលបាក់ មិនទាន់មានអ្នកឡើងភ្នំបរទេសនៅទីតាំងនោះទេ ហើយក៏មិនទាន់ចាប់ផ្តើមឡើងភ្នំដែរ។ ហ៊ីមឡុង ហ៊ីម៉ាល់ ជាភ្នំដ៏ពេញនិយមមួយ ដែលជនបរទេសចូលចិត្តទៅឡើង ដើម្បីជាការកម្សាន្ត ហាត់ប្រាណ និងដកស្រង់បទពិសោទបែបផ្សងព្រេងពីធម្មជាតិ។ ភ្នំនេះ មានកម្ពស់ជាង៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុក ម៉ាណាង (Manang) ភាគខាងជើងប្រទេសនេប៉ាល់ នៅជិតព្រំដែនជាមួយតំបន់ទីបេរបស់ចិន។

ក្រុមជួយសង្គ្រោះ មានទាំងអ្នកជំនាញឡើងភ្នំផង ត្រូវបានបញ្ជូនពីរដ្ឋធានីកដ្ឋមណ្ឌូ ទៅកាន់តំបន់កើតហេតុតាមឧទ្ធម្ភាគចក្រយ៉ាងប្រញាប់ប្រញាល់។ ប្រតិបត្តិការសង្គ្រោះ កំពុងជួបការលំបាក ដោយសារអាកាសធាតុមិនល្អ ព្រិលធ្លាក់ខ្លាំង មានភ្លៀង និងស្ថានភាពភ្នំមានភាពគ្រោះថ្នាក់។ អាកាសធាតុអាក្រក់បែបនេះ បង្កជាឧបសគ្គដល់ការហោះហើររបស់ឧទ្ធម្ភាគចក្រ នៅក្នុងដំណាក់កាលជួយសង្គ្រោះដំបូង។ ទោះជាយ៉ាងណា អាជ្ញាធរ និងក្រុមអ្នកជំនាញ នៅតែបន្តពុះពារស្វែងរកអ្នកបាត់ខ្លួន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត