ផ្ទុះជំងឺផ្តាសាយបក្សីក្នុងកសិដ្ឋានមាន់មួយកន្លែងនៅខេត្តឧត្តរមានជ័យ និងបន្តឆ្លងបុរសវ័យ៤៩ឆ្នាំម្នាក់
អ
អុន សម្ផស្ស
•
11 ម៉ោងមុន

ក្រុងសំរោង៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី(H5N1)១ករណី កើតលើបុរសវ័យ៤៩ឆ្នាំ រស់នៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ...។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីនេះត្រូវបានរកឃើញកាលពីថ្ងៃទី២៧កញ្ញា ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាល និងថែទាំពីក្រុមគ្រូពេទ្យ។ ការសាកសួរបឋមបានបង្ហាញថា អ្នកជំងឺធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយមាន់ដែលឈឺ និងងាប់នៅក្នុងកសិដ្ឋាន។ សត្វមាន់ដែលងាប់ និងឈឺនៅទីតាំងនោះ ត្រូវបានពិនិត្យឃើញថាមានវិជ្ជមានវីរុសផ្តាសាយបក្សី(H5N1) កាលពីថ្ងៃទី២៣ ខែកញ្ញា។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងសហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវប្រភពចម្លង ស្វែងរកករណីសង្ស័យ និងអ្នកដែលបានប៉ះពាល់ជិតស្និទ្ធ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានចែកថ្នាំ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងបានចាប់ផ្តើមយុទ្ធនាការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុ។

ក្រៅតែពីការជូនដំណឹងនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជៀសវាងការប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ និងត្រូវអនុវត្តអនាម័យឱ្យបានល្អ ដោយលាងសម្អាតដៃជាញឹកញាប់ និងចម្អិនសាច់បក្សី និងស៊ុតឱ្យបានឆ្អិនល្អមុនបរិភោគ។ ទន្ទឹមគ្នា ប្រជាពលរដ្ឋដែលមានអាការក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ហើយមានប្រវត្តិប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងរយៈពេល១៤ថ្ងៃមុនពេលចាប់ផ្តើមមានរោគសញ្ញា ត្រូវស្វែងរកការពិគ្រោះ និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។ ជំងឺផ្តាសាយបក្សី ជាទូទៅឆ្លងពីបក្សីឈឺទៅបក្សីដទៃ ហើយអាចឆ្លងពីបក្សីទៅមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ការឆ្លងពីមនុស្សទៅមនុស្សមិនងាយកើតឡើងទេ ប៉ុន្តែជំងឺនេះអាចបង្កឱ្យមានអាការធ្ងន់ធ្ងរ និងតម្រូវឱ្យទទួលការព្យាបាលទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត