
ក្រុងបាត់ដំបង៖ លោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពដែលកំពុងប្រឈម ឬបាននិងកំពុងរងគ្រោះដោយទឹកជំនន់ សូមបង្កើនការប្រុងប្រយ័ត្ន និងត្រៀមជម្លៀសអ្នកជំងឺឱ្យបានទាន់ពេលវេលា ក្នុងករណីទឹកជំនន់ជន់លិចចូលក្នុងមន្ទីររពេទ្យ…។

ការណែនាំដូច្នេះក្នុងឱកាសដែលលោក និងមន្រ្តីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលស្ថានភាពគ្រោះទឹកជំនន់នៅមណ្ឌលសុខភាពព្រែកហ្លួង និងមន្ទីរពេទ្យបង្អែកឯកភ្នំ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ តាមការពិនិត្យ មណ្ឌលសុខភាពព្រែកហ្លួង ស្ថិតនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ទឹកជំនន់បានលិចចូលក្នុងបរិវេណមណ្ឌលសុខភាព និងតាមបន្ទប់ផ្តល់សេវាទាំងអស់ បណ្ដាលឱ្យមណ្ឌលមិនអាចបើកដំណើរការផ្ដល់សេវាជូនប្រជាជនបានទេ។ ក្នុងស្ថានភាពនេះ លោកវេជ្ជបណ្ឌិត សាន់ សាប់អី បានណែនាំក្រុមការងារមណ្ឌលសុខភាព ជម្លៀស និងរើសម្ភារ បរិក្ខារពេទ្យ ឧបករណ៍ផ្សេងៗចេញឱ្យបានទាន់ពេលវេលា ចៀសវាងការខូចខាត និងត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ដោយឡែក មន្ទីរពេទ្យបង្អែកឯកភ្នំ ទឹកជំនន់បានលិចចូលជុំវិញបរិវេណមន្ទីរពេទ្យហើយ ប៉ុន្តែមិនទាន់ប៉ះពាល់ដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋទេ។ លោករដ្ឋលេខាធិការ បានស្នើឱ្យមន្ទីរពេទ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមជម្លៀសអ្នកជំងឺទៅអគារដែលបានរៀបចំទុក ក្នុងករណីទឹកជំនន់បានលិចចូលទៅក្នុងមន្ទីរពេទ្យ។ ជាពិសេស សម្ភារ និងឧបករណ៍ផ្សេងៗរួមទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ ក៏ត្រូវតែថែរក្សាការពារឱ្យបានល្អផងដែរ។ សូមជម្រាបថា ទឹកជំនន់ បាននិងកំពុងវាយប្រហារខេត្តចំនួន១០របស់កម្ពុជា បង្កផលប៉ះពាល់ដល់ពលរដ្ឋជិត៤ម៉ឺន៥ពាន់គ្រួសារ វត្តអារ៉ាម មន្ទីរពេទ្យផងដែរ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕






