
រាជធានីភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន លើម្ចាស់គណនីក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Hok Nave ដែលមានឈ្មោះដើមថា គឹម ភារម្យ ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» ក្រោយបែកធ្លាយខ្សែអាត់សំឡេងប្រមាថកងទ័ពថា «បំបង់បាយ» ធ្វើឱ្យប៉ះពាល់ដល់ស្មារតី និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ នៅសមរភូមិមុខ...។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមប្រព័ន្ធតេលេក្រាមថា ពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់តាមនីតិវិធី ដោយបើកការស៊ើបសួរលើជនសង្ស័យ៖ ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៧២, មាត្រា៤៩៤, មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ៤៧២ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព អំពើចូលរួមក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតដល់ការ[ការពារជាតិ] ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ សូមជម្រាបថា ម្ចាស់ហ្វេសប៊ុក Hok Nave ដែលមានឈ្មោះពិតថា គឹម ភារម្យ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបនៃសារសំឡេងសន្ទនា លើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការិះគន់ និងខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេស៕




