
ទីក្រុងហុងកុង៖ ក្រុមគោព្រៃឈុតធំកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិភូមា ដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃអាទិត្យទី២៧ ខែកញ្ញា នៅកីឡដ្ឋាន Kai Tak Sports Park ទីក្រុងស្វ័យតហុងកុង នៃប្រទេសចិន ដោយបានបំបែកកំណត់ត្រាមិនដែលឈ្នះអស់រយៈពេលជាង១១ឆ្នាំ។ យ៉ាងណា ទោះបីឈ្នះក្រុមជម្រើសជាតិភូមាមែន ប៉ុន្តែអារម្មណ៍អ្នកគាំទ្រកម្ពុជា តឹងទ្រូងស្ទើរប្រេះចេញពីកាយ ក្រោយឃើញទម្រង់់់លេងថ្មី ដែលកីឡាករអូសចូលមុខទីគូប្រកួតជាច្រើនលើក តែមិនស៊ុតពីចម្ងាយសូម្បីមួយជើង ទាំងដែលចូលកៀកមិនអាចធ្វើអ្វីក្រុមភូមាបាន...។

ប៉ុន្តែ អាចនិយាយបានថា ជាការប្រកួតដ៏ជក់បំផុតមួយដែលត្រូវបានអ្នកគាំទ្រកម្ពុជា បង្ហាញភាពរីករាយ ព្រោះក្រុមគោព្រៃឈុតធំ អាចដណ្តើមបាន៣ពិន្ទុដ៏មានសារសំខាន់ក្នុងពូល B នេះ ដើម្បីជាស្ពានឆ្ពោះទៅពានរង្វាន់ 𝗙𝗜𝗙𝗔 𝗔𝗦𝗘𝗔𝗡 𝗖𝘂𝗽 កម្រិត Challenge Division ឬ(Division2) ដែលមាន៣ប្រទេសចូលក្នុងរួមពូល B នេះ គឺកម្ពុជា ភូមា និងទីម័រខាងកើត។ បច្ចុប្បន្ន ក្រុមគោព្រៃឈុតធំកម្ពុជា មាន៣ពិន្ទុក្នុងដៃ ឈរលើកំពូលតារាង ខណៈក្រុមភូមាមាន៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២-០ កាលពីប្រកួតដំបូងប៉ុន្តែអស់ការប្រកួតហើយ ស្របពេលដែលជំនួបកាត់សេចក្តីចុងក្រោយ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមជម្រើសហុងកុង ស្ថិតក្នុងពូល A ក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមទីម័រខាងកើតនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ដែលអ្នកគាំទ្រយល់ថា មានកម្រិតលេងទាបជាងក្រុមគោព្រៃកម្ពុជាបន្តិច។

យើងងាកមកមើលជំនួបដ៏តានតឹងរវាងក្រុមគោព្រៃឈុតធំកម្ពុជា ជាមួយក្រុមជម្រើសជាតិភូមា វិញម្តង នោះគឺក្រុមគោព្រៃកម្ពុជា មានឱកាសជាច្រើនតាមរយៈការបណ្តើរបាល់ទៅមុខទីរបស់ក្រុមជម្រើសជាតិភូមា ប៉ុន្តែធ្វើមិនបានសម្រេច ព្រោះតែមិនអាចបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិភូមាបាន ដ្បិតខ្សែការពារដ៏ល្អបំផុតម្នាក់ពាក់អាវលេខ៣ ដែល(អ្នកគាំទ្រខ្មែរហៅថា រ៉ាំបូភូមា) បានបង្អាក់ការស៊ុតបញ្ចូលទីរបស់ក្រុមគោព្រៃបានជាច្រើនគ្រាប់។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រឆ្ងល់ និងតឹងទ្រូងខ្លាំងបំផុត ពេលដែលកំពុងទស្សនាការប្រកួតនោះ គឺក្រុមគោព្រៃកម្ពុជា មិនប្តូរទម្រង់់់លេងថ្មីសោះឡើយ ទោះបីជាព្យាយាមអូសចូលទៅតំបន់់គ្រោះថ្នាក់ច្រើនលើកច្រើនសាមិនបានសម្រេចក៏ដោយ។ ពោលគឺក្រុមទាំងពីរ បានតស៊ូគ្នារហូតដល់ចប់៩០នាទី ហើតត្រូវបន្ថែមម៉ោងដល់ទៅ១០នាទី ដ្បិតកីឡាករទាំងពីរក្រុមរងរបួសច្រើន។ យ៉ាងណា ក្រោយការផ្លាស់ប្ដូរកីឡាករបម្រុងចូលលេងលើទីលាន ក្រុមគោព្រៃកម្ពុជា បានដាក់ការគាបសង្កត់ជាខ្លាំងលើក្រុមភូមា រហូតរកបានគ្រាប់បាល់នៅនាទី៩៤+ដែលធ្វើឱ្យក្រុមកម្ពុជា ឈ្នះក្រុមភូមា តែម្តង។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រកម្ពុជារំពឹងថា លោកគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាឈុតធំ ច្បាស់ជានឹងផ្លាស់ប្ដូរទម្រង់់លេងថ្មី ពេលប៉ះជាមួយក្រុមទីម័រខាងកើត ដ្បិតក្រុមទីម័រខាងកើត មានកម្រិតលេងទាបជាងក្រុមជម្រើសជាតិភូមា ដូច្នេះ ការប្រកួតនៅថ្ងៃទី៣០កញ្ញា ខាងមុខ នឹងមិនធ្វើឱ្យអ្នកគាំទ្រតឹងទ្រូង ស្ទើរតែស្ទះដង្ហើមសន្លប់ធំ ម្តងៗទៅហើយនោះទៀតទេ ហើយក៏សង្ឃឹមថា គ្រុមគោព្រៃកម្ពុជា អាចសាងប្រវត្តិសាស្ត្រថ្មីឱ្យខ្លួនឯង តាមរយៈការដណ្តើមបានពានរង្វាន់ 𝗙𝗜𝗙𝗔 𝗔𝗦𝗘𝗔𝗡 𝗖𝘂𝗽 (Division2) នេះ ដែលវានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃពិភពបាល់ទាត់កម្ពុជាសម័យទំនើប៕



