អាជ្ញាធរនៅតែបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ទោះទឹកទន្លេខេត្តក្រចេះស្រកជាងមុន
S
Sreyleak Yith
មួយថ្ងៃមុន

ខេត្តក្រចេះ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យទីតាំងទួលសុវត្ថិភាពទួលតាឃីន ដែលត្រៀមសម្រាប់ជម្លៀសប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីមានហានិភ័យពីទឹកជំនន់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ បន្តតាមដានស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ព្រមទាំងយកចិត្តទុកដាក់លើសុខភាព និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅតាមទីទួលសុវត្ថិភាព និងតំបន់ប្រឈមនឹងហានិភ័យ។ ទន្ទឹមគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យរៀបចំទីតាំងទួលសុវត្ថិភាពឱ្យមានការគ្រប់គ្រងច្បាស់លាស់ ប្រើប្រាស់ដីទំនេរ សម្រាប់ដាំដំណាំ និងរៀបចំប្រព័ន្ធទឹកប្រើប្រាស់ឱ្យបានសមស្រប ដើម្បីធានាបាននូវការរស់នៅ និងការផ្គត់ផ្គង់ចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ។ 

សូមជម្រាបថា កម្ពស់ទឹកទន្លេមេគង្គ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែសីហា កើនដល់កម្ពស់២១,៨៨ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្ន កម្ពស់២២ម៉ែត្រ តែនៅព្រឹក ថ្ងៃទី២៤ សីហានេះ ទឹកបានស្រកចុះបន្តិច ​មកនៅត្រឹមកម្ពស់២១,៧៣ម៉ែត្រ។ បើតាមរបាយការណ៍ទទួលបានពីលោក ទីវ សុផែន មន្រ្តីសាលាខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ និងបានជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៦ពាន់គ្រួសារ និងប៉ះពាល់ដល់សត្វពាហនៈ លំនៅឋាន សាលារៀន វិហារសាសនា ផ្លូវ ស្ពាន ថ្នល់ ប្រព័ន្ធលូ និងវិស័យកសិកម្ម ដូចជា ប៉ះពាល់ស្រូវជាង២៦០០ហិកតា និងដំណាំរួមផ្សំជាង៩០០ហិកតា

រាយការណ៍ដោយ៖ លោក សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត