ក្រសួងសុខាភិបាល អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន និងការពារសុខភាពអំឡុងមានទឹកជំនន់
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារសុខភាព ក្នុងអំឡុងពេលដែលកម្ពុជា អាចប្រឈមនឹងភ្លៀងធ្លាក់ច្រើន និងហានិភ័យ នៃជំនន់ទឹកភ្លៀង...។

ការអំពាវនាវរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក បានជូនដំណឹងអំពីស្ថានភាពអាកាសធាតុ ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង​ នៅតំបន់ទំនាប និងធ្វើឱ្យកម្រិតទឹក នៅតាមស្ទឹង ព្រែក និងទន្លេកើនឡើង។ ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈជាមុន ដោយតាមដានព័ត៌មាន ស្តីពីស្ថានភាពទឹកជំនន់ រៀបចំទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ ទឹកស្អាត និងឱសថចាំបាច់។ ប្រជាពលរដ្ឋ គួរធ្វើរបង ឬបោះបង្គោលសម្គាល់ ជុំវិញស្រះ និងកន្លែងទឹកជ្រៅ ព្រមទាំងរក្សាបរិស្ថានជុំវិញផ្ទះឱ្យស្អាត និងសាងសង់បង្គន់ឱ្យមានកម្ពស់សមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់។ អំឡុងទឹកជំនន់ ពលរដ្ឋត្រូវជៀសវាងការចូលក្នុងផ្ទះ ឬអគារដែលទ្រុឌទ្រោម ពិសេស មិនត្រូវប៉ះពាល់ឧបករណ៍អគ្គិសនី ដោយដៃសើម ឬពេលឈរក្នុងទឹក។

បន្ថែមពីលើនេះ ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះ សត្វអាសិរពិស ជាពិសេសពស់ដែលអាចលាក់ខ្លួន នៅតាមគំនរឈើ ឬកន្លែងដែលមានទឹក។ រីឯការ​ធ្វើដំណើរនៅពេលយប់ គួរតែស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ប្រសិនបើត្រូវពស់ចឹក ឬសត្វអាសិរពិសខាំ ឬទិច ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវបន្តតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ ហើយប្រសិនបើជិតដល់ពេលសម្រាល ត្រូវរៀបចំកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ចំណែកកុមារ ត្រូវនាំទៅទទួលការចាក់វ៉ាក់សាំងតាមកាលកំណត់ និងផ្តល់អាហារដែលមានអនាម័យ។

ចំពោះវិធានការការពារជំងឺ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋ ដេកក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗទៀត ត្រូវងូតទឹក និងដុសសាប៊ូឱ្យបានស្អាត ដើម្បីការពារជំងឺសើស្បែក និងការរមាស់ផ្សេងៗ។ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើអនាម័យចំណីអាហារ និងទឹកស្អាត ដោយប្រើទឹកដែលបានចម្រោះ ដាំឱ្យពុះ ឬសម្លាប់មេរោគ តាមវិធីដែលបានណែនាំ។ មនុស្សចាស់ កុមារ និងជនមានពិការភាព ត្រូវតែជាអត្ថិភាព ត្រូវត្រៀមឧបករណ៍ជំនួយការធ្វើដំណើរ និងឱសថដែលពួកគេកំពុងប្រើប្រាស់ជាប្រចាំ។ ចំពោះការធ្វើដំណើរតាមទូក ប្រជាពលរដ្ឋមិនត្រូវដាក់មនុស្សលើសចំណុះឡើយ។ ប្រសិនបើធ្វើដំណើរពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងពាក់អាវពោងសុវត្ថិភាពជានិច្ច។ 

ក្រោយពេលទឹកជំនន់ស្រក ប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យខ្លួនប្រាណ និងបរិភោគអាហារ និងទឹកស្អាត ព្រមទាំងសម្រាន្តក្នុងមុង។ ត្រូវពិនិត្យស្ថានភាពផ្ទះ មុនចូលស្នាក់នៅ និងប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសដែលអាចលាក់ខ្លួននៅក្នុងផ្ទះ ឬជុំវិញបរិវេណ។ ជាមួយគ្នានេះ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ និងបំបាត់កន្លែងដក់ទឹក ដើម្បីកាត់បន្ថយការកើតមូសដែលអាចចម្លងជំងឺគ្រុនឈាម និងគ្រុនចាញ់។ អណ្តូងទឹកត្រូវសម្អាត និងស្តារឡើងវិញមុនប្រើប្រាស់ ហើយត្រូវជួសជុលបង្គន់ និងប្រើប្រាស់បង្គន់ឱ្យបានត្រឹមត្រូវ។ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព នៅគ្រប់ដំណាក់កាល នៃគ្រោះទឹកជំនន់ ត្រូវស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត