
រាជធានីភ្នំពេញ៖ ព្យុះទី២៦«ស៊ូរីហ្គាអេ» ត្រូវព្យាករថា នឹងបន្តបង្កឥទ្ធិពលមកលើកម្ពុជា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុទ្ទមានកម្ពស់ខ្ពស់ ខណៈទឹកជំនន់កំពុងបន្តប៉ះពាល់ដល់ខេត្តចំនួន៤។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦...។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមថា គិតត្រឹមថ្ងៃទី២៤ខែកញ្ញា ទឹកជំនន់លើកទី២ នៅបន្តប៉ះពាល់ដល់ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ និងកំពង់ចាម ស្មើនឹង ១៤ក្រុង-ស្រុក និង៤៦ឃុំ-សង្កាត់។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណជាង៧ពាន់គ្រួសារ ផ្ទះប្រមាណ៧០៨៨ខ្នង និងស្រូវប្រមាណ២២០៥ហិកតា។ ក្នុងនោះ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋប៉ះពាល់ច្រើនជាងគេ ចំនួនជាង៦៦០០គ្រួសារ ជាង ១៦០០គ្រួសារ ត្រូវបានជម្លៀស និងស្រូវកសិករប្រមាណ១០៤៩ហិកតា ប៉ះពាល់។ រីឯខេត្តកំពង់ធំ មានប្រជាពលរដ្ឋប៉ះពាល់២៣៩គ្រួសារ និងស្រូវ១០០៩ហិកតា ខណៈខេត្តកំពង់ចាម និងក្រចេះ មានផលប៉ះពាល់ក្នុងកម្រិតទាបជាងនេះ។

តាមស្ថានភាពទឹកភ្លៀងក្នុងរយៈពេល២៤ម៉ោង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ខេត្តកោះកុង ទទួលបានភ្លៀងច្រើនជាងគេ នៅស្រុកគិរីសាគរ បន្ទាប់មកខេត្តកំពង់ចាម នៅស្រុកជើងព្រៃ និងត្បូងឃ្មុំ។ ចំណែកខេត្តបន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ ភ្នំពេញ កំពង់ស្ពឺ និងកំពង់ឆ្នាំង ក៏មានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ផងដែរ។ ចំពោះស្ថានភាពទឹកវិញ ទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើន នៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រក ឬនឹង។ ប៉ុន្តែ..ស្ទឹងសែននៅខេត្តកំពង់ធំ ទឹកមានកម្ពស់១៣,៦៤ម៉ែត្រ ដែលលើសកម្រិតប្រុងប្រយ័ត្ន។ រីឯនៅខេត្តកំពង់ឆ្នាំង ទំនប់អន្លុងជ្រៃ ក៏កើនលើសកម្រិតប្រុងប្រយ័ត្នដែរ។

អ្នកនាំពាក្យវាយតម្លៃស្ថានភាពទូទៅថា មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទូលំទូលាយនៅឡើយទេ ប៉ុន្តែដោយសារភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ និងអាចមានភ្លៀងខ្លាំងជាចំណុចៗ ដូចនេះ លោកអំពាវនាវដល់សាធារណជន ជាពិសេស ប្រជាពលរដ្ឋរស់នៅតំបន់ទំនាប និងតំបន់ងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្ន និងតាមដានការវិវឌ្ឍស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកជាប្រចាំ។ ទន្ទឹមគ្នា មន្ត្រីបច្ចេកទេស គ.ជ.គ.ម. កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍនៃស្ថានភាពគ្រោះមហន្តរាយ និងស្ថានភាពទឹកនៅតាមតំបន់ ដែលងាយរងផលប៉ះពាល់៕



