អាសន្នកាន់តែធំ៖ អ្នកភូមិថៃរត់ឡើងចុងឈើ ក្រោយក្រពើ៤ក្បាលរួចពីកសិដ្ឋានតាមទឹកជំនន់
N
Nary Vann
•
13 ម៉ោងមុន

រាជធានីបាងកក៖ គ្រោះមហន្តរាយទឹកជំនន់នៅខេត្តស្រះកែវ ប្រទេសថៃ បានប្រែជារឿងដ៏គួរឱ្យភ័យខ្លាច បន្ទាប់ពីទឹកជំនន់ជន់លិចកសិដ្ឋានចិញ្ចឹមសត្វក្រពើ បណ្ដាលឱ្យក្រពើប្រវែង២ម៉ែត្រ ចំនួន៤ក្បាល រួចចូលទៅក្នុងតំបន់លិចទឹក ធ្វើឱ្យអ្នកស្រុកភ័យញ័ររន្ធត់ ស្របពេលដែលផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ត្រូវកាត់ផ្តាច់ទាំងស្រុង...។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅពេលដែលទឹកជំនន់ហក់ឡើងលឿនពេក បណ្ដាលឱ្យធ្លាយទ្រុងកសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែង។ អ្នកភូមិមួយចំនួនបានប្រទះឃើញសត្វក្រពើទាំងនោះ ក៏នាំគ្នាឡើងដើមឈើបន្ទាន់ ដើម្បីរក្សាសុវត្ថិភាព។ ភ្លាមៗ ក្រុមសង្គ្រោះបន្ទាន់ និងអាជ្ញាធរជំនាញ បានដកឃ្លា និងបញ្ជូនកម្លាំងចុះទៅរុករក ដើម្បីជួយសង្គ្រោះអ្នកភូមិដែលជាប់នៅលើដើមឈើ និងតាមប្រមាញ់ក្រពើទាំងនោះមកវិញ។ អាជ្ញាធរបានចេញសេចក្តីណែនាំ និងព្រមានពីផលប៉ះពាល់ដល់ពលរដ្ឋទាំងអស់ ហាមឃាត់មិនឱ្យចុះទឹក ឬព្យាយាមចូលទៅជិត ឬប៉ុនប៉ងចាប់សត្វក្រពើទាំងនោះដោយខ្លួនឯងឡើយ ហើយត្រូវរង់ចាំការបញ្ជាក់សុវត្ថិភាពពីមន្ត្រីជំនាញជាមុនសិន។

ទន្ទឹមនឹងគ្រោះថ្នាក់ពីសត្វសាហាវ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបានបណ្ដាលឱ្យផ្លូវជាតិ និងផ្លូវដឹកជញ្ជូនសំខាន់ៗជាច្រើនខ្សែ រួមទាំងផ្លូវឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវកាត់ផ្តាច់ទាំងស្រុង ដោយសារកម្ពស់ទឹកឡើងខ្ពស់ខ្លាំង ដែលមិនអាចឱ្យយានយន្តគ្រប់ប្រភេទ ឆ្លងកាត់បានឡើយ។ ខេត្តស្រះកែវ មានភូមិសាស្ត្រជាប់នឹងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន និងតំបន់ដែលទឹកហូរធ្លាក់ពីប្រទេសថៃ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត