
រាជធានីបាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ត្រៀមប្រកាសសាលក្រមនៅថ្ងៃចន្ទទី២៨ ខែកញ្ញានេះ លើបណ្តឹងប្រឆាំងនឹងភាពស្របច្បាប់នៃការបោះឆ្នោតសកលកាលពីខែកុម្ភៈ បន្ទាប់ពីរកឃើញថា មិនមានតម្លាភាពលើការបោះឆ្នោត ដោយសារការប្រើប្រាស់បារកូដ (Barcodes) និង QR codes លើសន្លឹកឆ្នោត អាចបើកផ្លូវឱ្យគេលួចមើល និងកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតបានយ៉ាងងាយ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសម្ងាត់របស់ប្រជាពលរដ្ឋ...។

រឿងក្ដីនេះ កើតចេញពីពាក្យបណ្តឹងដាក់ដោយការិយាល័យអូមប៊ូដស្មាន់ (Ombudsman) ដែលបានអះអាងថា បារកូដ (Barcodes) និង QR codes ដែលបានបោះពុម្ពលើសន្លឹកឆ្នោត អាចត្រូវបានគេប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតរូបណាជ្រើសរើសបេក្ខជន និងគណបក្សនយោបាយណាមួយ ដែលជាការបំផ្លាញដល់ការសម្ងាត់នៃការបោះឆ្នោត។ ប្រជាពលរដ្ឋថៃជិត៣៨លាននាក់ បានទៅបោះឆ្នោត កាលពីថ្ងៃទី៨ ខែកុម្ភៈ ហើយត្រូវបានឈ្នះភ្លូកទឹកភ្លូកដីដោយគណបក្សភូមិចៃថៃ (ภูมิใจไทย) របស់នាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) ដែលអនុញ្ញាតឱ្យលោក បង្កើតរាជរដ្ឋាភិបាលចម្រុះលើសពី២៩០អាសនៈ ក្នុងចំណោមអាសនៈសរុប៥០០នៅក្នុងសភា។ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានអះអាងថា កូដទាំងនោះត្រូវបានដាក់បញ្ចូលលើសន្លឹកឆ្នោតសម្រាប់គោលបំណងសន្តិសុខ។

មែនទែនទៅ តុលាការធម្មនុញ្ញ ស្ថិតនៅចំកណ្តាលនៃវិបត្តិផ្លាស់ប្ដូរនយោបាយថៃអស់រយៈពេល២ទសវត្សរ៍មកហើយ ដោយបានប្រកាសសាលក្រមរំលាយគណបក្សធំៗ ប្រកាសមោឃភាពការបោះឆ្នោតសកលចំនួន២ពីរលើក និងបានធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ និងនាយករដ្ឋមន្ត្រីជាច្រើនរូបត្រូវបាត់បង់តំណែង។ សូមជម្រាបថា តុលាការធម្មនុញ្ញថៃ បានប្រកាសមោឃភាពការបោះឆ្នោតសកល ឆ្នាំ២០០៦ បន្ទាប់ពីរកឃើញថា ការរៀបចំបន្ទប់បោះឆ្នោត បានប៉ះពាល់ដល់ការសម្ងាត់នៃសន្លឹកឆ្នោត ហើយការបោះឆ្នោតត្រូវបានអំពាវនាវក្នុងរយៈពេលខ្លីពេក។ លើសពីនេះ តុលាការ ក៏បានប្រកាសមោឃភាពការបោះឆ្នោតឆ្នាំ២០១៤ ផងដែរ ដោយសារតែការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានទូទាំងប្រទេសក្នុងថ្ងៃតែមួយ បន្ទាប់ពីក្រុមបាតុករប្រឆាំងរាជរដ្ឋាភិបាល បានបិទការិយាល័យបោះឆ្នោត នៅក្នុងតំបន់ខ្លះនៃក្រុងរាជធានីបាងកក និងមណ្ឌលបោះឆ្នោតរាប់សិបនៅតំបន់ភាគខាងត្បូង។

អ្នកវិភាគយល់ឃើញថា តុលាការទំនងជានឹងប្រកាសថា «សន្លឹកឆ្នោតទាំងនោះ គឺស្របច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការសម្ងាត់ត្រូវបានរកឃើញថា ត្រូវបានរំលោភបំពាន តុលាការអាចនឹងប្រកាសមោឃភាពលទ្ធផលឆ្នោត នៅតាមមណ្ឌលខ្លះ ឬទាំងមូល។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ គឺជាឧបករណ៍នយោបាយដ៏សំខាន់មួយក្នុងការរំលាយគណបក្សប្រឆាំង និងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនាពេលកន្លងមក។ ការប្រកាសសាលក្រមនេះ ទំនងជានឹងចេញមុខការពាររាជរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល និងគណបក្សភូមិចៃថៃ ដើម្បីរក្សាអំណាចរបស់ក្រុមសម្ព័ន្ធចាស់ដដែល។ យ៉ាងណា វាក៏អាចជាល្ខោននយោបាយមួយឈុតទៀត ដើម្បីជួយឱ្យរាជរដ្ឋាភិបាល ដែលប្រជាជនលែងទុកចិត្ត អាចក្តាប់អំណាចរបស់ខ្លួនបន្តទៀតបាន៕





