ជំនន់កាន់តែខ្លាំង! បាងកកប្រកាសអាសន្នទូទាំងរាជធានី បិទសាលារៀន និងជំរុញឱ្យមន្ត្រីធ្វើការពីផ្ទះ
N
Nary Vann
•
20 ម៉ោងមុន

រាជធានីបាងកក៖ រដ្ឋបាលរាជធានីបាងកក បានសម្រេចប្រកាសដាក់រាជធានីបាងកកទាំង៥០ខណ្ឌ ជាតំបន់គ្រោះមហន្តរាយទឹកជំនន់ជាផ្លូវការដែលជាការកើនឡើងយ៉ាងគំហុក ខណៈពីដើមឡើយមានត្រឹមតែ៣ខណ្ឌប៉ុណ្ណោះ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរ បង្កឱ្យមានទឹកជំនន់លិចលង់យ៉ាងធ្ងន់ធ្ងរ និងរំខានសម្មភាពសង្គម-សេដ្ឋកិច្ចស្ទើរតែទាំងស្រុង។

អភិបាលក្រុងបាងកក បានចុះហត្ថលេខាលើបញ្ជាអាសន្ននេះ ដោយផ្លាស់ប្ដូរការប្រកាសអាសន្នដើមដែលមានត្រឹមតែ៣ខណ្ឌ រហូតដល់រាជធានីទាំងមូល ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ អាជ្ញាធរក្រុងបានបញ្ជាក់ថា ការបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំងបានធ្វើឱ្យផ្លូវថ្នល់ និងតំបន់ជាច្រើនក្នុងរាជធានីបាងកកត្រូវលិចលង់ក្រោមទឹក បង្កការកកស្ទះ និងរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរបានព្រមានថា ស្ថានភាពទឹកជំនន់អូសបន្លាយនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិសាធារណៈ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបង្កការស្ទះចរាចរណ៍យ៉ាងខ្លាំងនៅគ្រប់ទិសទី។

ទន្ទឹមនោះ នាយកដ្ឋានអប់រំនៃអភិបាលក្រុងបាងកក បានចេញបញ្ជាឱ្យបិទសាលារៀនទាំងអស់ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងបាងកក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពសិស្ស និងលោកគ្រូអ្នកគ្រូ ព្រមទាំងពិនិត្យមើលការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាលា។ គណៈកម្មាធិការមន្ត្រីរាជការស៊ីវិលថៃ ក៏បានចេញសេចក្តីណែនាំឱ្យស្ថាប័នរដ្ឋទាំងអស់ អនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ១០០ភាគរយ នាថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការធ្វើដំណើរ ខណៈដែលជំនន់ទឹកភ្លៀងត្រូវបានព្យាករថានឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀតនៅដើមសប្តាហ៍ក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត