
ក្រុងប៉ោយប៉ែត៖ កម្លាំងកងយោធភូមិភាគទី៥ នៅថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្រទេសថៃមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ខណៈទឹកហូរធ្លាក់ចូលអូរព្រំដែន បង្កឱ្យមានការជន់លិចទីតាំងមួយចំនួន...។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការសមរភូមិទិសទី១ ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងកងទ័ព ចុះបេសកកម្មអន្តរាគមន៍បន្ទាន់មួយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងងភូមិសាស្ត្រគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនេះ ធ្វើឡើងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងកងទ័ព ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងងការជម្លៀសប្រជាពលរដ្ឋ ព្រមទាំងទ្រព្យសម្បត្តិទៅកាន់ទីទួលមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ រាយការណ៍ដោយ៖ ឈុន មករា







