អ្នកមានអាយុពី១៨ដល់២៥ឆ្នាំសូមត្រៀម! ក្រសួងការពារជាតិ នឹងចាប់ផ្តើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធានៅដើមខែតុលា
S
Sreyleak Yith
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែរដែលមានអាយុពី១៨ ដល់២៥ឆ្នាំ សូមត្រៀមចុះឈ្មោះ ព្រោះគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ នឹងចាប់ផ្តើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា នៅថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយការទទួលពាក្យវិញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា។ នេះបើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥កញ្ញា...។

តាមរយៈសេចក្តីជូនដំណឹងរបស់កម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា លោកអ្នកអាចមកទទួលពាក្យ និងដាក់ពាក្យវិញ នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ដោយពេលព្រឹក ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី។ ចំណែក ពេលរសៀល ចាប់ពីម៉ោង២ ដល់ម៉ោង៥ល្ងាច ដោយត្រូវភ្ជាប់មកជាមួយឯកសារដូចជា៖ សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ-សង្កាត់ ព្រមទាំង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ដែលមានលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ សូមទៅទទួលពាក្យ និងដាក់ពាក្យ ឱ្យបានទាន់ពេលវេលា តាមសេចក្តីជូនដំណឹង។ ចំពោះទីកន្លែងទទួលពាក្យ និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលលោកអ្នករស់នៅ។

គួរជ្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនីតិវិធីលម្អិត កំណត់ឱ្យពលរដ្ឋខ្មែរចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ។ ចំពោះយោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤០ម៉ឺនរៀល ព្រមទាំងគោលរបបផ្សេងៗដូចយោធិនអាជីព រួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ ព្រមទាំងរបបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។ តាមរយៈអនុក្រឹត្យស្តីពី «ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា» ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានកំណត់ឱ្យប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវបញ្ចូលទៅបម្រើការងារវិញក្នុងក្របខ័ណ្ឌដើមរបស់ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ ឬឯកជននានា និងអង្គការសង្គមស៊ីវិល ដោយរក្សាមុខតំណែង ដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត