កម្ពុជាប្រកាសក្នុងមហាសន្និបាត UN៖ ទំនុកចិត្តមិនអាចស្ដារឡើងវិញតាមការប្រកាសលើក្រដាស ឬពាក្យសម្ដី តែបានមកពីការប្ដេជ្ញាចិត្ត និងការគោរពច្បាប់អន្តរជាតិ
S
Soriya Sou
•
3 ម៉ោងមុន

ទីក្រុងញូយ៉ក៖ ទំនុកចិត្តមិនអាចស្ដារឡើងវិញតាមតែការប្រកាសលើក្រដាស ឬពាក្យសម្ដីនោះទេ តែវាបានមកពីការប្ដេជ្ញាចិត្ត និងការគោរពច្បាប់អន្តរជាតិ ខណៈកម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្ត ដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់។ នេះសេចក្ដីថ្លែងការណ៍របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦...។

ប្រមុខការទូតកម្ពុជា អះអាងថា នៅពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិមានភាពចាំបាច់ជាងពេលណាៗទាំងអស់នោះ ទំនុកចិត្ត រវាងប្រជាជាតិទាំងហ្លាយកំពុងរងការសាកល្បង ខណៈដែលជំនឿទៅលើស្ថាប័នពហុភាគី និងសមត្ថភាពរបស់ស្ថាប័នទាំងនោះក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជារួម កំពុងតែរងសម្ពាធកាន់តែខ្លាំងឡើង។ ពិភពលោកត្រូវការអង្គការសហប្រជាជាតិកាន់តែខ្លាំងជាងមុន។ ប៉ុន្តែពិភពលោកក៏ត្រូវការអង្គការសហប្រជាជាតិមួយ ដែលទទួលបានការជឿទុកចិត្ត ដោយសារតែមានគោលការណ៍ មានភាពតំណាង មានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ខ្លួន។ លោកឧបនានាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា៖«ការជឿទុកចិត្តមិនអាចស្តារឡើងវិញតែតាមការប្រកាសលើក្រដាស ឬពាក្យសម្តីនោះទេ។ ប៉ុន្តែ ការទុកចិត្តគឺ បានមកពីសង្គតិភាព៖ នោះគឺការគោរពតាមការប្តេជ្ញាចិត្ត ការគោរពច្បាប់អន្តរជាតិ ហើយជម្លោះត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី»។

លោកបន្តថា សមភាពអធិបតេយ្យត្រូវតែបន្តនៅជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ។ ធម្មនុញ្ញអង្គការសហប្រជាជាតិមិនបានកំណត់ស្ដង់ដារមួយសម្រាប់ប្រទេសដែលមានអំណាចខ្លាំង និងស្ដង់ដារមួយទៀតសម្រាប់ប្រទេសដែលមិនសូវមានអំណាចនោះទេ។ រដ្ឋសមាជិកទាំងអស់ មិនថាធំឬតូច សុទ្ធតែមានភាពស្មើគ្នានៅចំពោះមុខធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពតាមកាតព្វកិច្ចដែលបានកំណត់ដោយធម្មនុញ្ញ។ កម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្ត ដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់ ព្រោះធ្លាប់បានឆ្លងកាត់ជម្លោះ ការប្រល័យពូជសាសន៍ ការបែកបាក់ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយបទពិសោធនេះនៅតែជាកត្តាកំណត់លើវិធីសាស្ដ្ររបស់កម្ពុជា ក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃផងដែរ។ ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះ ជាដើម។ 

លោកឧបនាយករដ្ឋមន្រ្តីបន្តថា សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ ដូច្នេះ វាចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នាទាំងអស់រវាងភាគីទាំងពីរកម្ពុជា-ថៃ។ ក្នុងនោះ កម្ពុជា-ថៃ ត្រូវការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ព្រោះវារួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារនានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគីទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីថៃ ត្រូវបញ្ឈប់សកម្មភាពទាំងហ្លាយនៅក្នុងទឹកដីកម្ពុជាដែលត្រូវបានកាន់កាប់ ដែលអាចបង្កើត ឬពង្រឹងស្ថានភាពជាក់ស្តែង អនុញ្ញាតឱ្យពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដើម្បីបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈ និងការគោរពចំពោះច្បាប់អន្តរជាតិ។ សូមជម្រាបថា បច្ចុប្បន្ន ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាច្រើនទីតាំ​ងតាមបណ្ដោយព្រំដែន និងធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់មិនព្រមឈប់។ កម្ពុជាបន្តតវ៉ា និងនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត