
រាជធានីភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវជីវៈចម្រុះ នៃអង្គការជីវិតធម្មជាតិកម្ពុជា បានដាក់សាកល្បងប្រើប្រាស់ឧបករណ៍ថតសំឡេងស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យតាមដាន និងការពារសត្វត្រយងចង្កំក-ស ជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក។ នេះបើតាមការឱ្យដឹងពីអង្គការជីវិតធម្មជាតិកម្ពុជា កាលពីថ្ងៃទី២៦កញ្ញា ឆ្នាំ២០២៦ ...។

អង្គការជីវិតធម្មជាតិកម្ពុជា បានគូសបញ្ជាក់ថា ការរួមបញ្ចូលឧបករណ៍ថតសំឡេង (AudioMoth) ទៅក្នុងកម្មវិធីអភិរក្ស គឺជាការសាកល្បងដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកទំហំនៃការអង្កេតតាមដាន ការពារសត្វត្រយងចង្កំក-ស និងទីជម្រករបស់វា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងអាចយកទៅអនុវត្តសម្រាប់អង្តេតតាមដានប្រភេទសត្វផ្សេងៗទៀត នៅពេលខាងមុខ។ ឧបករណ៍នេះ អាចថតសំឡេងយំ និងការស្រែករបស់សត្វត្រយងចង្កំក-ស ដោយមិនបង្កការរំខានដល់វាទេ ហើយអាចតាមដានវត្តមានរបស់សត្វទាំងនេះ បាន២៤ម៉ោងក្នុងមួយថ្ងៃ។

អង្គការខាងលើបានឱ្យដឹងបន្ថែមថា ទិន្នន័យដែលបានប្រមូលនឹងជួយបញ្ជាក់ពីសកម្មភាព និងអាចកំណត់បានទីតាំងទ្រនំសត្វរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត វាក៏ជួយឱ្យក្រុមការងារអាចស្វែងរកទ្រនំពួកវាបានចំនួនច្រើនជាងមុនប្រកបដោយប្រសិទ្ធភាព និងមានភាពជាក់លាក់ខ្ពស់ ជាងការចុះទៅពិនិត្យតាមទីតាំងជាប្រចាំនៅទីវាល។ លើសពីនេះ ក៏ជួយសន្សំសំចៃពេលវេលា និងថវិកាផងដែរ៕



