
ក្រុងច្បារមន៖ ទំនប់អាងទឹកម្រះព្រៅ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកជំនាញស្តារបាន ៨៥ភាគរយហើយ...។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារទំនប់អាងទឹកម្រះព្រៅ។ ប្រធាននាយកដ្ឋានវិស្វកម្ម បានលើកទ្បើងថា គម្រោងស្តារទំនប់អាងទឹកម្រះព្រៅសម្រេចបានការងារ ដូចជា៖ ស្តារទំនប់ប្រវែង៩៣៥ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ចំនួន៣កន្លែង ដើម្បីប្រមូលស្តុកទឹកភ្លៀងសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន។

លោកគូសរំលេចបន្ថែមថា ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ អាងទឹកនេះនឹងមានសមត្ថភាពស្រោចស្រពស្រូវវស្សា បានចំនួន១៥០ហិកតា ស្រូវប្រាំងចំនួន១៥០ហិកតា ព្រមទាំងដំណាំរួមផ្សំ ចំនួន៣០០ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋចំនួន២ភូមិស្មើនឹង២៥៧គ្រួសារ ដែលរស់នៅឃុំក្រាំងអំពិល ស្រុកសំរោងទង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ក៏ដូចជាណែនាំដល់ក្រុមការងារឱ្យបន្តគ្រប់គ្រងគ្រឿងចក្រ និងអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានល្អ ដើម្បីសម្រេចតាមផែនការកំណត់ និងធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ និងយូរអង្វែង៕





