ប្រធានាធិបតីអ៊ីរ៉ង់ ចោទ ត្រាំ កណ្តាលវេទិកាអ.ស.ប ថា «អាងអំណាចជិះជាន់»
ហៀប ស៊ីថេត
•
24 កញ្ញា 2026 10:30 AM

អ.ស.ប.៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេគៀន (Masoud Pezeshkian) បានចោទប្រកាន់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថាមាន «គំនិតកៀបសង្កត់ និងអាងអំណាចជិះជាន់» ប៉ុន្តែលោកប្រកាសថា អ៊ីរ៉ង់នឹងមិនចុះចាញ់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាម៉េរិកឡើយ ប៉ុន្តែនៅតែចំហទ្វារការទូតដើម្បីបញ្ចប់ជម្លោះ។

លោក ម៉ាស៊ូដ ប៉េសេគៀន
លោក ម៉ាស៊ូដ ប៉េសេគៀន

អំឡុងថ្លែងការណ៍នៅឯអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញា លោក ប៉េសេគៀន បានបដិសេធការព្រមានរបស់លោក ត្រាំ ដែលថា សហរដ្ឋអាម៉េរិកអាចបំផ្លាញអ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀង។ យ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា៖«ប្រជាជនអ៊ីរ៉ង់នឹងមិនឱនក្បាលចំពោះសម្ពាធណាមួយឡើយ..អ្នកដែលជាភេរវករ និងអ្នកបណ្ដុះបណ្ដាលភេរវករ បែរជាមកហៅពួកយើងថា ជាភេរវករទៅវិញ»។ គណៈប្រតិភូសហរដ្ឋអាម៉េរិក បានដើរចេញពីសាលប្រជុំភ្លាមៗ នៅពេលដែលលោក ប៉េសេគៀន ចាប់ផ្តើមថ្លែងការណ៍។

ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់ បានលើករូបថតសិស្សសាលាបង្ហាញនៅក្នុងមហាសន្និបាត ដោយចោទសហរដ្ឋអាម៉េរិកថា បានវាយប្រហារតាមអាកាសលើសាលាបឋមសិក្សាមួយក្នុងក្រុងមីណាប់ (Minab) កាលពីថ្ងៃទី២៨ ខែកុម្ភៈ បណ្ដាលឱ្យសិស្ស និងគ្រូបង្រៀនជាង១៧៥នាក់បាត់បង់ជីវិត។ អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា រដ្ឋធានីតេហេរ៉ង់ គ្មានបំណងផលិតអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែនឹងមិនបោះបង់សិទ្ធិអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរសន្តិវិធីនោះទេ។ សូមជម្រាបថា ច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ១ភាគ៥នៃពិភពលោក បានក្លាយជាចំណុចក្ដៅនៃជម្លោះ។ អ៊ីរ៉ង់បានដាក់លក្ខខណ្ឌបើកច្រកសមុទ្ទនេះឡើងវិញ ទៅកាន់សហរដ្ឋអាម៉េរិកវិញ ដោយលោកប៉េសេគៀន បាននិយាយថា៖«មិនអាចឱ្យអ្នកផ្សេងទាញយកផលប្រយោជន៍ពីច្រកសមុទ្ទហ័រមូស្សបានឡើយ ខណៈដែលយើងត្រូវបានគេរារាំងមិនឱ្យដឹកជញ្ជូននោះ»។ គួរបញ្ជាក់ថា សង្គ្រាមដែលអូសបន្លាយអស់រយៈពេល៧ខែនេះ បានធ្វើឱ្យទីផ្សារពិភពលោកមានភាពជាប់គាំង និងជំរុញឱ្យតំបន់កាត់តែជិតឈានដល់សង្គ្រាមទ្រង់ទ្រាយធំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត