
ក្រុងសៀមរាប៖ សត្វត្រយងចង្កំកសចំនួន៦ក្បាល ដែលជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត ត្រូវបានក្រុមការងារអភិរក្សលែងចូលទៅក្នុងព្រៃធម្មជាតិវិញ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលែងនេះ ត្រូវបានចាត់ទុកថា ជាលើកដំបូងបង្អស់នៅលើពិភពលោក សម្រាប់សត្វត្រយងប្រភេទនេះ ដែលត្រូវបានបង្កាត់ពូជក្រោមការថែទាំរបស់មនុស្សរួចលែងទៅរស់នៅក្នុងជម្រកធម្មជាតិ..។

តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៥សីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បញ្ជាក់ថា សត្វត្រយងទាំង៦ក្បាល រួមមានឈ្មោល៣ក្បាល និងញី៣ក្បាល ត្រូវបានបង្កាត់ពូជហើយញាស់ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ មុនពេលលែង សត្វត្រយងទាំងនេះ ត្រូវបានដាក់នៅក្នុងទ្រុងបន្សំដ៏ធំមួយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងរយៈពេល៤សប្តាហ៍ ដើម្បីឱ្យពួកវាសម្របខ្លួនទៅនឹងបរិស្ថានថ្មី និងបង្កើនឱកាសក្នុងការផ្លាស់ទីទៅរស់នៅក្នុងព្រៃធម្មជាតិដោយជោគជ័យ។ ក្នុងចំណោមសត្វត្រយងទាំង៦ក្បាល មាន៤ក្បាល ត្រូវបានបំពាក់ឧបករណ៍តាមដាន GPS ដើម្បីឱ្យក្រុមការងារអភិរក្សអាចតាមដានការផ្លាស់ទីតាំង និងអាកប្បកិរិយារបស់ពួកវា បន្ទាប់ពីការលែងនេះ។ ACCB បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ចំនួនសត្វត្រយងចង្កំកសនៅទូទាំងពិភពលោក ត្រូវបានប៉ាន់ប្រមាណថា មានប្រមាណ១០០០ក្បាលប៉ុណ្ណោះ ហើយប្រមាណ៩៥ភាគរយនៃចំនួនប្រជាសាស្ត្រសរុប ត្រូវបានគេជឿថា មានវត្តមាននៅភូមិភាគឦសាននៃប្រទេសកម្ពុជា។

ដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានចាត់ទុកថា ជាតំបន់ការពារដ៏សំខាន់ និងជាជម្រកចុងក្រោយមួយសម្រាប់សត្វត្រយងប្រភេទនេះ។ ក្នុងរយៈពេលកន្លងមក សត្វត្រយងចង្កំកស បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបាត់បង់ទីជម្រក និងការបរបាញ់ ដែលធ្វើឱ្យចំនួនប្រជាសាស្ត្ររបស់វាធ្លាក់ចុះយ៉ាងខ្លាំង។ ការលែងសត្វត្រយងទាំង ៦ក្បាលនេះ គឺជាកិច្ចសហការរវាង ACCB និងដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Rising Phoenix ដែលបានជួយសាងសង់ទ្រុងបន្សំ និងគ្រប់គ្រងតំបន់អភិរក្សទំហំប្រមាណ ១សែន៣ម៉ឺន៣ពាន់ហិកតា នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ កូនត្រយងចង្កំកស ដែលញាស់ក្នុងឆ្នាំ២០២៣ គឺជាកូនត្រយងប្រភេទនេះ ដំបូងបង្អស់នៅលើពិភពលោក ដែលត្រូវបានបង្កាត់ពូជក្រោមការថែទាំរបស់មនុស្ស។ ការលែងពួកវាទៅក្នុងព្រៃធម្មជាតិ គឺជាជំហានដ៏សំខាន់មួយសម្រាប់ការស្ដារចំនួនប្រជាសាស្ត្ររបស់សត្វកម្រនេះនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ACCB មានសត្វត្រយងចង្កំកសចំនួន១៨ក្បាល ក្នុងនោះ៨ក្បាលត្រូវបានសង្គ្រោះពីព្រៃធម្មជាតិ ដោយសាររងរបួស ឬជាប់ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។ លើសពីនេះ មជ្ឈមណ្ឌលក៏មានត្រយងចង្កំកសចំនួន២គូ ដែលទើបបង្កាត់ពូជ ហើយកូនរបស់ពួកវា ត្រូវបានរំពឹងថា នឹងអាចលែងចូលទៅក្នុងជម្រកធម្មជាតិនាពេលខាងមុខ។ ក្រុមអ្នកអភិរក្សសង្ឃឹមថា សត្វត្រយងដែលបានលែងទាំងនេះនឹងអាចរស់រានមានជីវិតនៅក្នុងធម្មជាតិ បង្កើតក្រុមប្រជាសាស្ត្រថ្មី និងបន្តបង្កាត់ពូជ ដើម្បីជួយបង្កើនចំនួនសត្វត្រយងចង្កំកស នៅក្នុងព្រៃកម្ពុជា។ ការលែងសត្វត្រយងចង្កំកសជាលើកដំបូងនេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ហើយប្រសិនបើទទួលបានជោគជ័យ វាអាចក្លាយជាគំរូសម្រាប់កម្មវិធីលែងសត្វដែលបង្កាត់ពូជក្នុងការថែទាំរបស់មនុស្ស ទៅក្នុងព្រៃធម្មជាតិនាពេលអនាគត៕










