
ទីក្រុងញូយ៉ក៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ពីបញ្ហាតំបន់ និងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ...។

ក្នុងជំនួបកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក António Guterres បានផ្លាស់ប្ដូរទស្សនៈគ្នាលើបច្ចុប្បន្នភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខណៈបច្ចុប្បន្នភាគីថៃនៅតែបន្តរំលោភបំពានកម្ពុជាមិនព្រមឈប់ មិនញញើតច្បាប់អន្តរជាតិ។ កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើឡើងក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ថ្លែងនៅក្នុងសម័យប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះ ជាដើម។ វាថែមទាំងផ្ដល់ផលប៉ះពាល់ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ៕




