
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ.ស.ប និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក…។

ការអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុងញូវយ៉ក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខពីសំណាក់ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.)។ ក្រសួងបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដោយមាន លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្ដចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២២ឧសភា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ប្រមុខការទូតកម្ពុជា រំពឹងថា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្ដីបារម្ភរួមទៅវិញទៅមក៕




