
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ…។

ក្រសួងការបរទេសបានឱ្យដឹងថា ការអញ្ជើញទៅប្រទេសសិង្ហបុរីលើកនេះ តបតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។ កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ នឹងផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីឱ្យរឹងមាំយូរអង្វែងតទៅមុខ តាមរយៈការស្វែងរកវិស័យថ្មីៗ ដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្រសួងការបរទេសបន្ថែមថា ដំណើរទស្សនកិច្ចនេះផងដែរ នឹងបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធ បង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី ឱ្យប្រែក្លាយប្រទេសទាំងពីរទៅជាដៃគូល្អ ក្នុងការចូលរួមចំណែកដល់ សន្តិភាព ស្ថិរភាព នៅក្នុងតំបន់។ សូមជម្រាបថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីផងដែរ៕



