
រាជធានីភ្នំពេញ៖ កម្ពុជា បានបង្កើតតំបន់ «បឹងវាលវែង» ជាតំបន់អភិរក្សជម្រកសត្វក្រពើភ្នំ ជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សសត្វក្រពើភ្នំ ជាប្រភេទសត្វជិតផុតពូជ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញរួមគ្នានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រសួង និងអង្គការចំនួន៤ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សអន្តរជាតិ (Conservation International Cambodia) អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)។

ក្រសួង និងអង្គការទាំង៤ ចាត់ទុកការបង្កើតតំបន់អភិរក្សនេះ ថាជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វក្រពើភ្នំ និងសត្វព្រៃនៅប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់ការការពារស្របច្បាប់យ៉ាងពេញលេញ ដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ក្រពើភ្នំពងកូន បន្តពូជ និងលូតលាស់នៅក្នុងតំបន់ធម្មជាតិ។ បើតាមសេចក្តីប្រកាសរួមដដែល បឹងវាលវែង ដែលជាតំបន់អភិរក្សជម្រកសត្វក្រពើភ្នំនេះ មានផ្ទៃដីដល់ទៅជាង៣១៥ហិកតាឯណោះ ជាទំហំធំជាងគេបំផុតក្នុងពិភពលោក។

សត្វក្រពើភ្នំជាង៤០ក្បាល កំពុងមានវត្តមានក្នុងទំនប់បឹងវាលវែងនេះ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាផ្នែកមួយនៃតំបន់ជួរភ្នំក្រវាញកណ្តាល។ ការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សក្រពើភ្នំនាពេលនេះ គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួង និងអង្គការទាំង៤ខាងលើ រួមជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន។

អ្នកវិទ្យាសាស្ត្រ បានរកឃើញវត្តមានក្រពើភ្នំឡើងវិញ នៅតំបន់អូរសោមកាលពីឆ្នាំ២០០០ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ។ ចាប់តាំងពីពេលនោះមក ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម បានធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដោយមានការគាំទ្របច្ចេកទេសពីអង្គការសត្វព្រៃ និងរុក្ខជាតិ បានអនុវត្តកម្មវិធីការពារទីជម្រក និងបង្កាត់ពូជក្រពើភ្នំ ហើយថែមទាំងបានលែងក្រពើភ្នំចូលទៅក្នុងតំបន់បឹងធម្មជាតិវិញ។ ដោយមើលឃើញពីភាពចាំបាច់ក្នុងការការពារប្រភេទសត្វដ៏កម្រនេះ អង្គការអភិរក្សអន្តរជាតិ ក៏សហការជាមួយរាជរដ្ឋាភិបាល ចាប់ផ្តើមដំណើរការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សក្រពើភ្នំ នៅចុងឆ្នាំ២០២៣៕








