សម្តេចធិបតី៖ បច្ចេកវិទ្យាអាចផ្លាស់ប្ដូរវិស័យទេសចរណ៍ ប៉ុន្តែអត្តសញ្ញាណ«ភាពជាខ្មែរ»នៅតែជាបេះដូងនៃបទពិសោធទេសចរណ៍កម្ពុជា
អ
អុន សម្ផស្ស
•
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ទោះបីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្ដូរវិស័យទេសចរណ៍យ៉ាងឆាប់រហ័សក៏ដោយ ក៏អត្តសញ្ញាណ «ភាពជាខ្មែរ» នៅតែជាឧត្តមភាពដ៏សំខាន់ដែលមិនអាចជំនួសបាន...។

រូបភាពឯកសារ
រូបភាពឯកសារ

តាមរយៈសារលិខិតក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» សម្តេចធិបតីបានគូសបញ្ជាក់ថា ស្នាមញញឹម ភាពរួសរាយរាក់ទាក់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា គឺជាអត្តសញ្ញាណដ៏មានតម្លៃ ដែលជាចំណុចខ្លាំង និងជាកត្តាទាក់ទាញភ្ញៀវទេសចរ។ សម្តេច បន្តថា បច្ចេកវិទ្យាគួរត្រូវបានប្រើប្រាស់ជាកម្លាំងជំរុញ ដើម្បីនាំកម្ពុជាឱ្យខិតជិតទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ខណៈអត្តសញ្ញាណជាតិ និងគុណតម្លៃដ៏ប្រពៃរបស់ខ្មែរ ត្រូវបន្តរក្សាទុកជាបេះដូងនៃបទពិសោធទេសចរណ៍កម្ពុជា។ តាមទស្សនៈនេះ ការធ្វើបដិវត្តកម្មឌីជីថលមិនមែនមានន័យថា ត្រូវជំនួសអត្តសញ្ញាណ និងតម្លៃវប្បធម៌របស់កម្ពុជាឡើយ ប៉ុន្តែជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយ និងនាំយកសម្បត្តិវប្បធម៌ ធម្មជាតិ ម្ហូបអាហារ សិល្បៈ និងផលិតផលទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។ តាមរយៈសារលិខិតដដែល ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យទេសចរណ៍កម្ពុជាចាំបាច់ត្រូវចាប់យកឱកាសថ្មីៗ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។

ទន្ទឹមនឹងនេះ ការអភិវឌ្ឍបច្ចេកវិទ្យា ក៏ត្រូវដើរទន្ទឹមគ្នាជាមួយការរក្សាអត្តសញ្ញាណជាតិ ដើម្បីធានាថា ការរីកចម្រើនផ្នែកឌីជីថល នៅតែបម្រើដល់ការលើកកម្ពស់តម្លៃ និងភាពទាក់ទាញរបស់កម្ពុជា។ សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល ការលើកកម្ពស់ទេសចរណ៍ឌីជីថល ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ អាទិភាពទាំងនេះ នឹងត្រូវតភ្ជាប់ជាមួយការអភិវឌ្ឍគោលដៅទេសចរណ៍ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការលើកកម្ពស់គុណភាពសេវាកម្ម និងការពង្រីកទីផ្សារ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងអត្តសញ្ញាណជាតិ ត្រូវបានចាត់ទុកជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជាក្នុងយុគសម័យថ្មី។ បច្ចេកវិទ្យា អាចជួយឱ្យភ្ញៀវទេសចរស្វែងរកព័ត៌មាន រៀបចំផែនការធ្វើដំណើរ កក់សេវា ទូទាត់ និងទទួលបទពិសោធកាន់តែងាយស្រួល ខណៈតម្លៃវប្បធម៌ និងភាពជាខ្មែរ ជាអ្វីដែលអាចបង្កើតបទពិសោធពិសេស និងការចងចាំយូរអង្វែងសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរក្រសួង ស្ថាប័ន អាជ្ញាធរ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ សម្តេច សង្កត់ធ្ងន់ថា ក្នុងដំណើរឆ្ពោះទៅរកទេសចរណ៍ទំនើប និងឌីជីថល កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍សម្រាប់នាំយកសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក ខណៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ វប្បធម៌ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិ ជាចំណុចស្នូលនៃភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត