
ក្រុងសៀមរាប៖ ស្ថានភាពទឹកស្ទឹងសៀមរាបក្នុងក្រុងសៀមរាប កំពុងកើនឡើងខ្លាំង ដោយគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កម្ពស់ទឹកបានឡើងដល់ ១,៨ម៉ែត្រ ខ្ពស់ជាងកម្រិតប្រកាសអាសន្នដែលកំណត់ត្រឹម១,៥ម៉ែត្រ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការវិវត្តស្ថានភាពអាកាសធាតុ រួមទាំងកម្ពស់ទឹក ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាប និងតំបន់ងាយរងគ្រោះដោយជំនន់។ ចំណែករដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ដោយសារទទួលរងឥទ្ធិពលព្យុះទី២៦ ឈ្មោះ ស៊ូរីហ្កាអេ ខេត្តសៀមរាប មានភ្លៀងធ្លាក់ជាច្រើនម៉ោង បណ្តាឱ្យស្ថានភាពទឹកហូរមិនទាន់ បង្កឱ្យជន់លិចនៅតាមបណ្តាក្រុង-ស្រុកមួយចំនួន។ ចំពោះមុខបញ្ហានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកចុះពិនិត្យប្រព័ន្ធប្រឡាយ និងលូ ហើយត្រូវកាយសំរាម និងអាចម៌ដីដែលធ្វើឱ្យស្ទះផ្លូវទឹកហូរ។

សូមរំឭកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៥កញ្ញា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ និងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ដោយផ្តល់អាទិភាពដល់ការការពារជីវិតប្រជាពលរដ្ឋ។ សម្តេចធិបតី បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចាំបាច់ ព្រមទាំងជំរុញឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តព្យាករអាកាសធាតុ និងតាមដានការប្រែប្រួលកម្ពស់ទឹក ដើម្បីជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជនឱ្យបានទាន់ពេលវេលា៕








