សម្តេចតេជោ ជូនពាក្យទៅលោកស៊ី៖ កិច្ចសហការឈ្នះឈ្នះរបស់កម្ពុជា-ចិន ត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ប្រទេសយើងទាំងពីរ
Mao Sopha
•
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនទៅលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សម្តេច អបអរជាមួយលោក ស៊ី ជីនពីង ក្នុងនាមសម្តេចផ្ទាល់ផង និងក្នុងនាមប្រជាជនកម្ពុជាទាំងអស់ផង។  

ក្រៅពីការអបអរសារទរ សម្តេចតេជោ ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក៏បានរំលេចពីមិត្តភាពកម្ពុជា-ចិនផងដែរ។ តាមរយៈលិខិតចុះកាលបរិច្ឆេទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច សរសេរទៅកាន់លោក ស៊ី ជីនពីង យ៉ាងដូច្នេះថា៖«ខ្ញុំមានសេចក្តីរីករាយដែលមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរបស់យើង បន្តពង្រឹងបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក្រោមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

ជាមួយគ្នា សម្តេច ប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំសាជាថ្មី ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក ស៊ី ជីនពីង ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ កាន់តែស៊ីជម្រៅ និងមានវិសាលភាពបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សហគមន៍វាសនារួមកម្ពុជា-ចិននៅគ្រប់រដូចកាលក្នុងយុគសម័យថ្មីនេះ។ បន្ថែមពីនេះ ប្រមុខរដ្ឋស្តីទី បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលតែងតែបង្ហាញចក្ខុវិស័យដ៏អស្ចារ្យ និងការប្តេជ្ញាចិត្តដ៏មោះមុត ចំពោះសុខុមាលភាពប្រជាជន និងការស្តារភាពរុងរឿងរបស់ជាតិឡើងវិញ។

សម្តេច បន្តថា ការសម្រេចបានគោលដៅសតវត្សរ៍ទី១របស់ចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ចិន និងជាសាក្សីភាពនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ដែលនាំមកនូវសន្តិភាព វិបុលភាព និងវឌ្ឍនភាព។ ខណៈចិនកំពុងសម្លឹងទៅមុខ ដើម្បីសម្រេចបានបំណងប្រាថ្នាដ៏ធំធេងដែលមានចែងនៅក្នុងគោលដៅសតវត្សទី២របស់ខ្លួន សម្តេច បង្ហាញជំនឿយ៉ាងមុតមាំថា ចិន នឹងបន្តដើរតួនាទីនាំមុខក្នុងការត្រួសត្រាយផ្លូវ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត