
រដ្ឋធានីសេអ៊ូល៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរកវិធីសាស្ដ្រឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ចំពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ...។

អាជ្ញាធរកូរ៉េខាងត្បូង រំពឹងថានឹងខកខានបំពេញគោលដៅសម្រាប់ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដោយសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅក្នុងរដ្ឋធានីសេអ៊ូលមួយចំនួន បានប្រឈមនឹងការលុបចោលការកក់រួចហើយ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ យ៉ាងណា កូរ៉េខាងត្បូងនៅតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់បន្ថែមទៀតសម្រាប់រយៈពេលនៅសល់នៃខែនេះ ជាពិសេសទេសចរមកពីអាស៊ីអាគ្នេយ៍ ដោយសាររដូវរងារក្នុងខែធ្នូនេះ ជារដូវកាលនៃភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា នឹងមិនអាចឈានដល់គោលដៅនៃភ្ញៀវទេសចរបរទេស២០លាននាក់ក្នុងឆ្នាំនេះទេ។

លោក គីម យុងវ៉ាន់ អគ្គនាយកនៃការិយាល័យទេសចរណ៍ និងកីឡារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង អះអាងថា ចលាចលនយោបាយថ្មីៗនេះ គឺនាំឱ្យមានការធ្លាក់ចុះក្នុងការសម្រេចបាននូវគោលដៅទេសចរណ៍ ប៉ុន្តែវានៅតែអាចឈានដល់ចំនួនភ្ញៀវទេសចរ១៧លាននាក់នៅឆ្នាំនេះ។ ជាមួយគ្នានេះ អង្គការទេសចរណ៍កូរ៉េ បានបង្ហាញថា ចំនួនអ្នកទេសចរបានឈានដល់៧លាន៧សែននាក់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤។

លោក គីម សង្ឃឹមថា ឧស្សាហកម្មនេះនឹងវិលមករកភាពធម្មតាវិញ ដោយលោកបានសង្កត់ធ្ងន់ថា៖«តាមរយៈការធ្វើបច្ចុប្បន្នភាពជាប់លាប់ អំពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព យើងមានគម្រោងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបាននូវគោលបំណងរបស់យើង ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងសម្រេចបាននូវគោលដៅរបស់យើងចំនួន៣០លាននាក់នៅឆ្នាំក្រោយ»។ ចិនជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺប្រទេសជប៉ុន។ គួរជម្រាបថា វិស័យទេសចរណ៍គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ខណៈប្រទេសនេះកើបលុយបានប្រហែល៥៩,១ពាន់លានដុល្លារ ស្មើនឹងប្រហែល៤ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួនកាលពីឆ្នាំមុន៕



