
រាជធានីភ្នំពេញ៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ជារៀងរាល់ឆ្នាំ…។

តាមរយៈសារលិខិតចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាមាសបៃតង គឺកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្ដេចធិបតីសង្កត់ធ្ងន់ថា៖«ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ»។ សម្ដេច មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល។

សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៥ ទេសចរអន្តរជាតិប្រមាណជាង៤លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជា ចំណែកទេសចរជាតិ មានចំនួន១៧,២៨លាននាក់។ ចំនួននេះបានកើនឡើងជិត៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ខណៈចំណូលបានពីភ្ញៀវទេសចរ បានរួមចំណែកជំរុញផលិតផលក្នុងស្រុក ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ និងបង្កើតមុខរបរបន្ថែមជូនប្រជាជនកម្ពុជា៕



