
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានថ្លែងថា បណ្តាញព័ត៌មានពិតជាទាក់ទាញខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែការទាក់ទាញនេះទៀតសោត មានទាំងល្អ និងអាក្រក់ ពោលមានន័យថា បើផ្សព្វផ្សាយល្អនោះភ្ញៀវនឹងចូលមកទស្សនាកម្ពុជា ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាតិ។ តែផ្ទុយទៅវិញ បើគេផ្សព្វផ្សាយអាក្រក់ពីកម្ពុជាដោយព័ត៌មានក្លែងក្លាយ វាតែងជះផលអាក្រក់ត្រឡប់មកវិញដល់វិស័យទេសចរណ៍ ដែលចាំបាច់ត្រូវរួមគ្នាជួយទប់ស្កាត់...។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» កាលពីថ្ងៃទី១៥មករា ឆ្នាំ២០២៥ ដែលមានវត្តមានលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរនោះ លោក ហួត ហាក់ បានបញ្ជាក់បន្ថែមថា «ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានកន្លងមក បានជួយដល់វិស័យទេសចរណ៍ច្រើនណាស់។ ជាមួយគ្នានេះ ខ្ញុំសុំឱ្យគ្រប់ភាគីចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍របស់យើង ពីព្រោះថា..វាបានរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ និងក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិយើងដែរ»។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជ្យបណ្ឌិតសភាកម្ពុជា និងជាអ្នកតាមដានកិច្ចការសង្គម បានមើលឃើញថា វិធានការរួមគ្នាបង្ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីការពារមុខមាត់វិស័យទេសចរណ៍កម្ពុជា ជាវិធានការមួយល្អក្នុងចំណោមវិធានការផ្សេងទៀតដែលគួរធ្វើ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលនិយាយខុសការពិតពីកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការទប់ស្កាត់ ក៏ត្រូវបន្តការអប់រំផ្សព្វផ្សាយពីផលអាក្រក់នៃព័ត៌មានក្លែងក្លាយ ដើម្បីឱ្យប្រជាពលរដ្ឋទាំងចាស់ក្មេងបានយល់ច្បាស់ពីផលប៉ះពាល់នេះ។ យ៉ាងណាក៏ដោយ លោកគិតថា ក្នុងចំណោមព័ត៌មានដែលផ្សព្វផ្សាយនោះ អាចនឹងមានព័ត៌មានបែបរិះគន់ខ្លះ ពីចំណុចខ្វះខាតរបស់ក្រសួងទេសចរណ៍ ដូច្នេះ ក្រសួងក៏គួរតាមដាន និងពិនិត្យមើលដែរថា ការរិះគន់នោះមានភាពពិតកម្រិតណា។ បើការរិះគន់នោះពិត ក្រសួងគួរហ៊ានទទួលយក ហើយកែលម្អទៅតាមកម្រិត។

តើរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ជាសេនាធិការ គួរមានយន្តការអ្វីបន្ថែមទៀតសម្រាប់ជំរុញវិស័យទេសចរណ៍? លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា៖«វិស័យទេសចរណ៍ ជាវិស័យបម្រើអតិថិជន និងជាវិស័យមួយដែលផុយស្រួយ ហើយមានការប្រកួតប្រជែងខ្ពស់ ក្នុងចំណោមប្រទេសជិតខាង និងប្រទេសក្នុងតំបន់លើពិភពលោក។ ដូច្នេះ ក្រសួងទេសចរណ៍ ត្រូវមានការសិក្សាស្រាវជ្រាវជាប្រចាំពីកម្លាំងស្រូបទាញ ឬលទ្ធភាពនៃការប្រកួតប្រជែង បទពិសោធជោគជ័យ បរាជ័យ របស់ប្រទេសក្បែរខាងកម្ពុជា និងប្រទេសក្នុងតំបន់ ព្រមទាំងខ្លួនឯងដែរ។ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យជាន់ដានដដែលៗនូវអ្វីដែលកម្ពុជាធ្វើមិនបានល្អ និងអ្វីដែលប្រទេសជិតខាងបានធ្វើខុស ហើយដកស្រង់យកអ្វីដែលជាចំណុចល្អមកវិញ ធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍កម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ហើយអាចបង្កើននូវចំណូលជាតិដើម្បីបង្កើនសេដ្ឋកិច្ចជាតិ»។

គួរជម្រាបថា បើតាមការអះអាងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៤ វិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយកម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ៦,៧លាននាក់ កើនឡើង២២,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១,៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះក៏ជាចំណែកមួយ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិត និងល្អពីកម្ពុជា ពីសំណាក់ភាគីពាក់ព័ន្ធ និងសាធារណជនផងដែរ៕



