
ព្រំដែនថៃ-ភូមា៖ ស្ថានការណ៍សន្តិសុខនៅតាមបណ្តោយព្រំដែនថៃ-ភូមា បានឈានដល់កម្រិតអាសន្នសាជាថ្មី ក្រោយយោធាភូមា និងកងកម្លាំងជនជាតិការ៉ែន បានបើកការវាយប្រហារយ៉ាងសាហាវ ដោយក្រុមយោធារដ្ឋាភិបាលភូមាបានប្រើបក្សីចម្បាំងស្លាបដែកហោះជ្រែកមេឃខ្ជាក់ទម្លាក់គ្រាប់បែកទម្ងន់ ៥០០ផោន ឬស្មើ ២២៦កីឡូក្រាម ខណៈគ្រាប់កាំភ្លើងយន្ត M60 បានបាញ់ទម្លុះធ្លុះចូលដល់ផ្ទះអ្នកស្រុកថៃស្តែងៗ ប៉ុន្តែរាជធានីបាងកក មិនហ៊ានតបតដូចធ្លាប់ធ្វើដាក់កម្ពុជា។ ប្រជាពលរដ្ឋថៃតាមបណ្តោយព្រំដែន បន្តដេកភ័យ និងស្លន់ស្លោជាខ្លាំង។

យោងតាមសារព័ត៌មាន Amrin TV ចុះផ្សាយនៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២៦ យោធាភូមាបានប្រើប្រាស់ធុនធ្ងន់ៗ វាយប្រហារយ៉ាងសន្ធាប់ទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដោយប្រើប្រាស់ដ្រូន និងយន្តហោះទម្លាក់គ្រាប់បែកទម្ងន់ ៥០០ផោន ព្រមទាំងបាញ់កាំភ្លើងយន្តជាបន្តបន្ទាប់ទៅលើក្រុមប្រដាប់អាវុធជាតិភាគតិចការ៉ែន ជាក្រុមផ្តាច់ខ្លួន និងបង្កើតរដ្ឋថ្មីដោយខ្លួនឯង។ ដោយសារតែទីតាំងក្រុមការ៉ែន ស្ថិតនៅទល់មុខស្រុកម៉ែស៊ុត ខេត្តតាក ប្រទេសថៃ គ្រាប់កាំភ្លើងយន្ត M60 និងអំបែងគ្រាប់ផ្លាតចូលបាញ់ធ្លុះរបង ដំបូល និងជញ្ជាំងផ្ទះប្រជាពលរដ្ឋថៃនៅជិតទន្លេម៉ី បង្កការភ័យរន្ធត់ជាខ្លាំងដល់ពលរដ្ឋថៃ។

យោងតាមរបាយការណ៍សន្តិសុខ យោធាភូមាបានចំណាយពេលជិតមួយឆ្នាំមកហើយ ក្នុងការប្រឹងប្រែងវាយដណ្តើមយកមូលដ្ឋានប៉ាសាក់ (Pasak) និងទីតាំងយុទ្ធសាស្ត្ររបស់កងទ័ពការ៉ែន ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងបាន។ ភាពបរាជ័យ និងការទល់ច្រកនៅលើសមរភូមិ បានរុញច្រានឱ្យយោធាភូមាប្រើប្រាស់កម្លាំងបាយវាយប្រហារដោយមិនរើសមុខ ដែលបង្កជាគ្រោះថ្នាក់ដោយផ្ទាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកស្រុកថៃនៅតាមព្រំដែន។ ទោះបីជាគ្រាប់កាំភ្លើង និងគ្រាប់បែកធ្លាក់ចូលទឹកដីថៃជាច្រើនលើកច្រើនសា និងគំរាមកំហែងដល់ជីវិតប្រជាជនស្លូតត្រង់យ៉ាងណាក៏ដោយ អ្វីដែលកងកម្លាំងយោធាថៃអាចធ្វើបាន គឺត្រឹមតែចរចាជាមួយភូមាតែប៉ុណ្ណោះ ពោលគឺមិនហ៊ានអ៊ុងអាត់ ឬព្រហើន ដែលធ្លាប់ធ្វើដាក់កម្ពុជានោះទេ៕




