ថៃបើកទ្វារចរចាជាមួយភូមា ទាំងប្រជាជនខ្លួនកំពុងរត់គេចគ្រាប់ប្លោងនៅព្រំដែន
ហៀប ស៊ីថេត
7 ម៉ោងមុន

រាជធានីបាងកក៖ ថៃ និងភូមា ឬមីយ៉ាន់ម៉ា បានបើកកិច្ចពិភាក្សាទ្វេភាគីយ៉ាងសំខាន់មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខព្រំដែន ការបំពុលបរិស្ថានក្នុងទឹកទន្លេរួមគ្នា និងការជំរុញពាណិជ្ជកម្មឆ្លងដែន។ កិច្ចជំនួបនេះ ធ្វើឡើងនៅមុនពេលរាជធានីបាងកក ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយរបស់អាស៊ាន ដែលផ្តោតលើការដោះស្រាយវិបត្តិនយោបាយ និងសន្តិសុខនៅក្នុងប្រទេសភូមា ជាពិសេសបន្ទាប់ពីគ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់រ៉ុក្កែតយោធាភូមា ធ្លាក់ដូចទឹកភ្លៀងចូលទៅក្នុងដីថៃ បង្ខំឱ្យមនុស្សម្នា និងប្រជាជនថៃក្បែរព្រំដែនរត់ភៀសខ្លួនបាតជើងសព្រាត...។

រដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ (สีหศักดิ์ พวงเกตุแก้ว) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសភូមា លោក អ៊ូទីន មួងស្វេ (ဦးတင်မောင်ဆွေ) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយភាគីទាំង២ បានបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាប្រទេសជិតខាង ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈគ្នាលើដំណើរការសន្តិភាព និងការផ្សះផ្សាជាតិនៅក្នុងប្រទេសភូមាផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមបណ្តោយព្រំដែន ក៏មានរួមបញ្ចូលការដោះស្រាយបញ្ហាបំពុលទឹកទន្លេ ដែលហូរឆ្លងកាត់ប្រទេសទាំង២ និងវិធានការលើកកម្ពស់សេដ្ឋកិច្ច។ កាលពីថ្ងៃទី១២កក្កដា កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រមុខការទូតភូមា បានចាប់ផ្តើមឡើង ដែលនេះត្រូវបានគេចាត់ទុកថាជា «កិច្ចប្រជុំដោយផ្ទាល់មុខលើកដំបូងបង្អស់ក្នុងរយៈពេល៥ឆ្នាំ» រវាងអាស៊ាន និងតំណាងជាន់ខ្ពស់ភូមា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក។

លោក អ៊ូទីន មួងស្វេ (ឆ្វេង) និងលោក សីហសក្តិ ភួងកេតកែវ
លោក អ៊ូទីន មួងស្វេ (ឆ្វេង) និងលោក សីហសក្តិ ភួងកេតកែវ

មានសំណួរជាច្រើនចោទជាមន្ទិលថា តើជំនួបវាងរដ្ឋមន្រ្តីការបរទេសថៃ និងភូមា នៅពេលនេះ គឺជារឿងចៃដន្យឬយ៉ាងណា..? អាចថា..មិនមែនជារឿងចៃដន្យឡើយ! មិនចៃដន្យនោះក៏ព្រោះតែជំនួបនេះ អាចជាល្បែងនយោបាយការទូតរបស់ភាគីថៃ ក្នុងការទាមឱ្យយោធាភូមាបញ្ឈប់ការគំរាមកំហែងសន្តិសុខខ្លួនតាមបណ្តោយព្រំដែន។ ជាក់ស្តែង ថ្មីៗនេះ កងទ័ពរដ្ឋាភិបាលភូមា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បន្តផ្ទុះអាវុធដាក់គ្នាដូចលាជ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើទឹកដីថៃ ពិសេសប្រជាជន និងសិស្សានុសិស្សក្នុងស្រុកម៉ែសូត្រ ខេត្តតាក។ មិនត្រឹមតែប៉ុណ្ណោះ យោធាភូមា បានប្រើប្រាស់យន្តហោះ Y-12 និងយន្តហោះចម្បាំងប្រភេទ YAX-130 ពាំគ្រាប់បែកទម្ងន់៥០០ផោនចំនួន៥គ្រាប់ ខ្ជាក់ទម្លាក់លើលេណដ្ឋានក្រុមការ៉ែន នៅក្នុងតំបន់ភូមិមីនឡាប៉ាន់ នៃស្រុកម្យ៉ាវ៉ាឌី ធ្វើឱ្យថៃផ្អើលឆោឡោជាខ្លាំង។ នេះសបញ្ជាក់ឱ្យឃើញថា ទោះបីជាភូមា បើកប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន ដែលនាំទៅដល់ការគំហែងសន្តិសុខថៃក៏ដោយ ក៏ភាគីថៃហាក់មិនហ៊ានក្អកក្រហែម និងតដៃជាមួយយោធាភូមាដែរ ពោលគឺបានត្រឹមតែបន្ទន់ឥរិយាបថ និងស្នើសុំឱ្យមានកិច្ចចរចាតែប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត