
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានរកឃើញ និងចាត់វិធានការលើមន្ត្រីនគរបាលជាតិ ចំនួន៧៧នាក់ ដែលបានប្រព្រឹត្តកំហុសឆ្គង និងមានការពាក់ព័ន្ធនឹងសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ដោយមន្ត្រីមួយចំនួនត្រូវទទួលរងទណ្ឌកម្មខាងវិន័យកងកម្លាំង ហើយអ្នកខ្លះទៀតត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ និងប្រឈមមុខច្បាប់...។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែនេះ មានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែង នៅទូទាំងប្រទេស។ ហើយ មិនមែនតែជនស៊ីវិលនោះទេ ក្នុងនោះក៏មានមន្រ្តីនគរបាលជាតិ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យ តាមកម្រិតនៃទោសដែលបានប្រព្រឹត្ត ។

ជាមួយគ្នា លោក ទូច សុខៈ បានបញ្ជាក់ថា ចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម«ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។ ដោយឡែក ចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់បទល្មើសព្រហ្មទណ្ឌ លោក ទូច សុខៈ បញ្ជាក់ថា សមត្ថកិច្ចក៏បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕





