
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ…។

យោងប្រការ១ និងប្រការ២ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៥ ខែកញ្ញានេះ បានកំណត់ថា ព្រំដែនមណ្ឌលការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋធានីប៉ារីស ត្រូវកំណត់តាមព្រំដែននៅរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ការិយាល័យតំណាងសភាពាណិជ្ជកម្ម នេះ មិនប្រើប្រាស់ថវិកាជាតិឡើយ ហើយមានសមាជិកជ្រើសតាំងចំនួន១៥រូប ដែលជ្រើសតាំង តាមការបោះឆ្នោត។

សូមជម្រាបថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន និងកាណាដា ជាដើម។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយ លោក ខេលវិន ម៉ូ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីពេលកន្លងទៅ។ ក្រៅពីប្រទេសបារាំង បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងពិនិត្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា បន្ថែមនៅបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕




