
ក្រុងព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ កាលពីថ្ងៃទី១០កុម្ភៈ បានចុះបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្កេម) នៅទីតាំងកាសុីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍៨០៥នាក់…។

អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យជាង៨០០នាក់នោះ មាន៨សញ្ជាតិ រួមមាន៖ ចិន ខ្មែរ កូរ៉េ ជប៉ុន អាម៉េរិក ហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា។ ជាមួយគ្នា អាជ្ញាធរដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យូទ័រប្រហែល៦៥០គ្រឿង និងទូរសព្ទប្រហែលចំនួន១ពាន់គ្រឿង។ ជនសង្ស័យជាង៨០០នាក់នេះ មន្រ្តីជំនាញកំពុងបន្តនីតិវិធីផ្លូវច្បាប់។ សូមជម្រាបថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥មករា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយ សម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ។

អនុក្រឹត្យនោះ ឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ពិសេសគោលនយោបាយ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព»៕



