មិនរាងចាល! យុវជនប្រុសស្រី២នាក់រត់ពីក្រុងព្រះសីហនុ ទៅបន្តលួចឆបោកតាមអនឡាញ​នៅខេត្តឧត្តរមានជ័យ ចុងក្រោយ ត្រូវសមត្ថកិច្ច​ចាប់បានម្តងទៀត
Chanmarady Chuon
មួយម៉ោងមុន

ខេត្តឧត្ដរមានជ័យ៖ យុវជនយុវនារី២នាក់ បានរត់គេចពីក្រុងព្រះសីហនុ វិលមកស្រុកកំណើត ហើយនៅតែមិនរាងចាល បន្ដធ្វើការងារស្កេម ក៏​ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនអតីតបុគ្គលិកឆបោកទាំង​២នាក់នេះ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ…។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង២:៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងមានការចាត់តាំងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ចុះបង្ក្រាបទីតាំងបទល្មើសស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ អត្តសញ្ញាណជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១. ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ, ទី២. ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ។ វត្ថុតាងដកហូតបាន រួមមាន៖ កុំព្យូទ័រចំនួន២គ្រឿង, ទូរសព្ទដៃ iPhone 15 Pro Max ពណ៌ខ្មៅ ចំនួន២គ្រឿង ។

លោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ធ្លាប់ធ្វើការនៅក្រុងព្រះសីហនុ។ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ (Online Scams) នៅទូទាំងប្រទេស ពួកគេបានវិលត្រឡប់មកស្រុកកំណើត តែនៅតែបន្តសកម្មភាពឆបោកដដែល ក្រោមការណែនាំពីមេខ្យល់នៅខាងក្រៅ។ តាមការស៊ើបអង្កេត ជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាម (Telegram) ទាក់ទងទៅក្រៅប្រទេស ដើម្បីលួងលោមបង្កើតភាពជឿជាក់ រួចប្រមូលទិន្នន័យ និងគណនីទាំងនោះ ផ្ញើទៅឱ្យបក្ខពួកនៅពីក្រោយខ្នង យកទៅប្រព្រឹត្តបទល្មើសបន្តលើជនរងគ្រោះ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត