
ក្រុងស្វាយរៀង៖ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង (ផ្ទះជួល និងផ្ទះសំណាក់) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយររៀង...។

ក្រោមប្រតិបត្តិការដែលអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១១០នាក់ (ស្រី១៦នាក់) រួមមាន៖ ជនជាតិវៀតណាម៩១នាក់ (ស្រី១៥នាក់), ជនជាតិចិន១៤នាក់(ប្រុស) និងជនជាតិខ្មែរ០៥នាក់(ស្រីម្នាក់)។ ជាមួយគ្នានោះ កម្លាំងជំនាញ ក៏បានធ្វើការដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធមួយចំនួនធំដូចជា កុំព្យូទ័រយួរដៃ ទូរសព្ទដៃ ថេបប្លេត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងប្រព្រឹត្តបទល្មើសទាំងពីរ ត្រូវបានក្រុមការងារសម្រេចបិទសៀលបណ្ដោះអាសន្ន (Seal Off) ដើម្បីបន្តនីតិវិធីលើម្ចាស់គេហដ្ឋាន ដែលបានអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជន ធ្វើប្រតិបត្តិការបទឧក្រិដ្ឋអនឡាញស្កេម នៅក្នុងមូលដ្ឋានរបស់ខ្លួន៕







