
ខេត្តស្វាយរៀង៖ កងកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងចំនួន២ ក្នុងក្រុងបាវិត ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន២២នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ប្រតិបត្តិការនេះ ធ្វើឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង។

ទីតាំងទី១ គឺនៅផ្ទះល្វែង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ដោយសមត្ថកិច្ច បានឃើញជនជាតិវៀតណាមចំនួន២នាក់ (ស្រី១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ បើតាមការពិនិត្យ ពួកគេពុំជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះឡើយ។ ចំណែកទីតាំងទី២ គឺនៅដីជួលមួយកន្លែង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ដោយសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន២២នាក់ (ប្រុសទាំងអស់) ដែលសង្ស័យថា បានស្នាក់នៅ និងលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមជនជាតិចិនទាំង២២នាក់នោះ ៤នាក់ មានលិខិតឆ្លងដែន តែ១៨នាក់គ្មានលិខិតឆ្លងដែននោះទេ។

វត្ថុតាងដែលដកហូតបាន រួមមាន៖ ទូរសព្ទដៃចម្រុះ ចំនួន៧គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន២៦គ្រឿង, រថយន្ត១គ្រឿង ម៉ាក Honda CR-V ពណ៌ខ្មៅ, លិខិតឆ្លងដែន ចំនួន៤ក្បាល។ ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេចបិទទីតាំងសង្ស័យខាងលើជាបណ្តោះអាសន្ន ព្រមទាំងបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទាំង២២នាក់ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសាកសួរបន្ថែម និងត្រៀមចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕





