កូរ៉េខាងជើងអះអាងថា ការពង្រីកឥទ្ធិពលយោធាដឹកនាំដោយសហរដ្ឋអាម៉េរិក គឺជាហេតុផលសមស្របក្នុងការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន
ហៀប ស៊ីថេត
មួយម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញានេះថា ការបង្កើនកម្លាំងយោធាកាន់តែខ្លាំងឡើង ដឹកនាំដោយសហរដ្ឋអាម៉េរិក និងការប្រមូលផ្តុំសម្ព័ន្ធមិត្តនុយក្លេអ៊ែរ រវាងរដ្ឋធានីវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូ គឺជាហេតុផលសមស្របបំផុត ដែលតម្រូវឱ្យរដ្ឋធានីព្យុងយ៉ាង បន្តពង្រឹង និងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែរររបស់ខ្លួន។

លោក គីម កាង អ៊ីល (Kim Kang Il)
លោក គីម កាង អ៊ីល (Kim Kang Il)

ថ្លែងនៅក្នុងវេទិកាសៀងសាន (Xiangshan) ក្នុងរដ្ឋធានីបេកាំង ដែលជាកិច្ចប្រជុំសន្តិសុខអន្តរជាតិដ៏សំខាន់របស់ចិន អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក គីម កាង អ៊ីល (Kim Kang Il) បានបញ្ជាក់ថា ស្ថានភាពររបស់កូរ៉េខាងជើង ជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចកែប្រែបានឡើយ ហើយនឹងបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរឱ្យរឹតតែធំជាងមុន។ លោក គីម បានថ្លែងថា៖«ការកើនឡើងឥតឈប់ឈរនៃអាវុធនុយក្លេអ៊ែរររបស់រដ្ឋសត្រូវ បានផ្តល់ហេតុផលត្រឹមត្រូវពេញលេញ ក្នុងការបង្កើតខែលការពារជាតិ ដែកថែបនុយក្លេអ៊ែរររបស់កូរ៉េខាងជើង»។ លោកបានបន្ថែមថា៖«នៅពេលដែលការគំរាមកំហែងផ្នែកនុយក្លេអ៊ែរររបស់រដ្ឋសត្រូវឈានដល់កម្រិតកំពូល..កូរ៉េខាងជើងនឹងការពារសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅលើទ្វីបកូរ៉េ និងក្នុងតំបន់ ដោយការប្រមូលផ្តុំ និងពង្រីកកម្លាំងរារាំងនុយក្លេអ៊ែរដើម្បីការពារខ្លួន»

លោក គីម ទម្លាក់កំហុសចំពោះភាពតានតឹងនៅលើទ្វីបកូរ៉េ ទៅលើគោលនយោបាយរបស់រដ្ឋធានីវ៉ាស៊ីនតោនមកលើកូរ៉េខាងជើង និងបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានបង្វែរកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន ឱ្យទៅជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ទៀតថា ស្ថានភាពរដ្ឋនុយក្លេអ៊ែរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងជើង គឺជាខ្សែបន្ទាត់ដែលមិនអាចថយក្រោយបានឡើយ និងបានអំពាវនាវឱ្យប្រទេសដទៃបោះបង់សុបិនបោកប្រាស់នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរចោលទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត