
រដ្ឋធានីសេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង(KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញានេះថា កូរ៉េខាងជើងបានបាញ់សាកល្បងប្រព័ន្ធគ្រាប់រ៉ុក្កែតធុនធ្ងន់ទំហំ២៤០មីលីម៉ែត្រប្រភេទថ្មី...។

ការបាញ់សាកល្បងនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពច្បាស់លាស់ និងឧត្តមភាពនៃចម្ងាយបាញ់គ្រាប់រ៉ុក្កែតថ្មីរបស់កូរ៉េខាងជើង ដែលប្រើប្រាស់ប្រព័ន្ធតម្រង់ទិសច្បាស់លាស់ ដោយស្វ័យប្រវត្តិ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ KCNA។ សារព័ត៌មាននេះបន្ថែមថា គ្រាប់រ៉ុក្កែតនេះ មានសមត្ថភាពបាញ់ប្រហារលើគោលដៅក្នុងចម្ងាយ ១០០គីឡូម៉ែត្រក្នុងទម្រង់ហោះហើរតាមគន្លងធម្មតា និងចម្ងាយ១១៥គីឡូម៉ែត្រ ក្នុងទម្រង់ហោះហើររំអិលរួមបញ្ចូលគ្នា។ KCNA បញ្ជាក់ថា ការអភិវឌ្ឍគ្រាប់រ៉ុក្កែតទាំងនេះ គឺជាការផ្លាស់ប្ដូរយ៉ាងសំខាន់នៅក្នុងការត្រៀមលក្ខណៈវាយប្រហាររបស់យោធាកូរ៉េខាងជើង នៅតាមបណ្តោយព្រំដែនដែលខណ្ឌចែកជាមួយកូរ៉េខាងត្បូង។

លោក ផាក ជុងឈុន (Pak Jong-chon) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមកូរ៉េខាងជើង ជាអ្នកត្រួតពិនិត្យការបាញ់សាកល្បងនេះ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការប្រមូលផ្តុំកម្លាំងវាយប្រហារដែលមានការបំផ្លិចបំផ្លាញ និងវាយប្រហារប្រកបដោយគ្រោះថ្នាក់បំផុត នៅតាមបណ្តោយព្រំដែនភាគខាងត្បូង។ សូមជម្រាបថា រដ្ឋធានីព្យុងយ៉ាង បាននិងកំពុងធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្រ និងអាវុធធម្មតារបស់ខ្លួនជាបន្តបន្ទាប់ ដោយមានបំណងដាក់ពង្រាយនៅជិតព្រំដែនជាមួយបងប្អូនរួមផ្ទៃកូរ៉េខាងត្បូង៕




